FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត កៅ ថាច ជំរុញយុវជននាវាយុវជនអាស៊ីអាគ្នេយ៍ ធ្វើជាទូតសុច្ឆន្ទៈផ្សព្វផ្សាយកម្ពុជា និងក្រេបជញ្ជក់ចំណេះដឹងថ្មីៗ

12-11-2026 18:16

(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលជួបជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ និងប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនលើកទី៥០ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកបណ្ឌិតបានផ្តល់អនុសាសន៍សំខាន់ៗដល់ប្រតិភូយុវជន ដើម្បីប្រើប្រាស់ឱកាសនៃការចូលរួមកម្មវិធីនេះ សម្រាប់ផ្សព្វផ្សាយអំពីកម្ពុជា និងក្រេបជញ្ជក់ចំណេះដឹងថ្មីៗមកបម្រើការអភិវឌ្ឍប្រទេសជាតិ។

បណ្ឌិត កៅ ថាច បានលើកទឹកចិត្តឱ្យយុវជនចូលរួមផ្សព្វផ្សាយអំពីវឌ្ឍនភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងសក្តានុពលនៃវិស័យទេសចរណ៍ វប្បធម៌ បេតិកភណ្ឌ និងគោលដៅទេសចរណ៍សំខាន់ៗ។ លើសពីនេះ លោកបណ្ឌិតក៏បានណែនាំឱ្យយុវជនចែករំលែកអំពីតម្លៃនៃសន្តិភាព និងដំណើរការនៃការកសាងសន្តិភាពនៅកម្ពុជា ដែលស្ថិតក្រោមការដឹកនាំផ្ទាល់ដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ លោកបណ្ឌិតបានណែនាំឱ្យប្រតិភូយុវជនបំពេញតួនាទីជាទូតសុច្ឆន្ទៈ ក្នុងការផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជា និងជួយផ្សារភ្ជាប់ទំនាក់ទំនងសង្គម វប្បធម៌ និងមិត្តភាពរវាងយុវជនកម្ពុជា និងយុវជននៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកបណ្ឌិតបានផ្តាំផ្ញើឱ្យយុវជនខិតខំក្រេបជញ្ជក់ចំណេះដឹង បទពិសោធន៍ និងគំនិតថ្មីៗពីការផ្លាស់ប្តូរជាមួយយុវជនអន្តរជាតិ ហើយនាំយកចំណេះដឹងទាំងនោះមកចែករំលែក និងអនុវត្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។

លោកបណ្ឌិតបានគូសបញ្ជាក់ថា យុវជនមិនត្រឹមតែជាអ្នកទទួលបទពិសោធន៍ពីពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកតំណាងរូបភាព កិត្តិយស និងសក្តានុពលរបស់កម្ពុជាទៅកាន់តំបន់ និងពិភពលោកផងដែរ៕