មន្ទីរពេទ្យកាល់ម៉ែត រួមជាមួយសមាគម CAGE និង A-PSDE បើកវគ្គបណ្ដុះបណ្ដាលការឆ្លុះពិនិត្យ និងព្យាបាលដោយអង់ដូស្កុបពីកម្រិតជំនាញលើជំងឺប្រព័ន្ធទឹកប្រមាត់
12-11-2026 18:14
(ភ្នំពេញ)៖ ដើម្បីបង្កើនគុណភាពព្យាបាលប្រកបដោយទំនើបកម្ម និងបច្ចេកទេសជាន់ខ្ពស់ដល់ក្រុមគ្រូពេទ្យនៅកម្ពុជា ដើម្បីបម្រើសេវាសុខាភិបាលជូនដល់អ្នកជំងឺឱ្យកាន់តែមានគុណភាព ស័ក្កសិទ្ធភាព និងមានប្រសិទ្ធភាពល្អបំផុតមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយសមាគមអន្តោទស្សន៏កោសល្យ ប្រព័ន្ធរំលាយអាហារកម្ពុជា(CAGE) និងសមាគមអង់ដូស្កុបពីប្រព័ន្ធរំលាយអាហារអាស៊ីប៉ាស៊ីហ្វិក(A-PSDE) បានរៀបចំវគ្គបណ្តុះបណ្តាលបន្តស្តីពី «វគ្គបណ្តុះបណ្តាលអំពីការឆ្លុះពិនិត្យ និងព្យាបាលដោយអង់ដូស្កុបពីកម្រិតជំនាញលើជំងឺប្រព័ន្ធទឹកប្រមាត់»។
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាស្តីពី «ការឆ្លុះពិនិត្យ និងព្យាបាលដោយអង់ដូស្កុបពីកម្រិតជំនាញលើជំងឺប្រព័ន្ធទឹកប្រមាត់ (ERCP & EUS)» គឺបានធ្វើឡើងរយៈពេល២ថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកាល់ម៉ែត។អង្គសិក្ខាសាលាស្តីពីជំនាញខាងលើនេះ ត្រូវបានចូលរួមពីសំណាក់សាស្រ្តាចារ្យ ដែលមានបទពិសោធន៍ទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ មកពីប្រទេសជប៉ុន និងហុងកុង ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក។
វគ្គបណ្តុះបណ្តាលនេះ នឹងបានជួយរួមចំណែកយ៉ាងសំខាន់ដើម្បីឱ្យក្រុមគ្រូពេទ្យ ផ្នែកជំងឺថ្លើម ក្រពះ ពោះវៀន និងប្រព័ន្ធទឹកប្រមាត់របស់យើង ទទួលបាននូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងជំនាញបច្ចេកទេសនៃការថតឆ្លុះ និងព្យាបាលជំងឺប្រព័ន្ធទឹកប្រមាត់ មូលដ្ឋានគ្រឹះនៃការឆ្លុះបំពង់ទឹកប្រម៉ាត់ និងអ៊ុលត្រាសោនអង់ដូស្កុបពី ការបង្ហូរទឹកប្រមាត់តាមរយៈអ៊ុលត្រាសោនអង់ដូស្កុបពី ការបំបែកគ្រួសក្នុងផ្លូវទឹកប្រមាត់ និងការគ្រប់គ្រងព្យាបាលការស្ទះផ្លូវទឹកប្រមាត់កម្រិតធ្ងន់ ព្រមទាំងបានទទួលការផ្លាស់ប្តូរបទពិសោធន៍ថ្មីៗបន្ថែមទៀត៕









