FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឆាយ ឫទ្ធិសែន ចុះត្រួតវឌ្ឍនភាពសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ

12-11-2026 18:11

(តាកែវ)៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលតាកែវ បានអញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍នេះ បង្កើតឡើងដើម្បីជាថ្នាលក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់ជនបទអាចបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ប្រកបដោយចីរភាព ដោយជំរុញការធ្វើពិពិធកម្មមុខរបរ និងនវានុវត្តន៍ការងារ តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញបំណិនជីវិត និងជំនាញសហគ្រិនភាព។ នេះគឺជាមជ្ឈមណ្ឌលទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ត្រូវបានចាប់ផ្ដើមបើកបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ និងបច្ចុប្បន្នការងារសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា សម្រេចវឌ្ឍនភាពបាន ៧០%។

ក្នុងឱកាសអញ្ជើញចុះពិនិត្យការងារនាពេលនោះ លោករដ្ឋមន្ត្រី បានចង្អុលបង្ហាញដល់ក្រុមហ៊ុនទទួលការសាងសង់អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសំណង់ និងស្របតាមគំនូសប្លង់ដែលបានកំណត់ ព្រមទាំងត្រូវជំរុញការងារសាងសង់ឱ្យសម្រេចបានតាមកិច្ចសន្យាការងារ ដើម្បីឆាប់បានបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋតាមរយៈការបណ្ដុះបណ្ដាល។

បន្ទាប់ពីបានពិនិត្យវឌ្ឍនភាពការសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍រួចមក លោករដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរនៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៧ទីតាំង ដែលមានដូចខាងក្រោម៖

ទីតាំងទី១៖ ស្ពានដែកបេឡេតិ៍ មានឈ្មោះស្ពានពោធិ៍តាស៊ុយ មានប្រវែង ៥២ម៉ែត្រ ទទឹង៤ម៉ែត្រ ឆ្លងកាត់ព្រែកអូរតាស៊ុយ តភ្ជាប់ពីភូមិត្រពាំងពោន ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ទៅកាន់ភូមិស្វាយវល្លិ៍ ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ។ ស្ពាននេះ បានទទួលរងការខូចខាតកម្រាលខាងលើ ជាបន្តបន្ទាប់ ដោយសាររថយន្ដដឹកទំនិញធំៗដឹកធ្ងន់។ តាមរយៈការពិនិត្យស្ថានភាពជាក់ស្ដែង ឯកឧត្តមរដ្ឋមន្ដ្រី បានចង្អុលបង្ហាញដល់នាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សិក្សាបច្ចេកទេសក្នុងការជួសជុលកម្រាលស្ពាននេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ទីតាំងទី២៖ ឈ្មោះផ្លូវ សហគមន៍កំពែង-សុខសែនសំបូរ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៥,៤០គ.ម. ទទឹង ៥ម៉ែត្រ ដែលស្ថិតនៅក្នុងឃុំកំពែង ស្រុកគីរីវង្ស។ ផ្លូវនេះ ត្រូវបានសាងសង់ក្នុងឆ្នាំ២០២៥ ក្នុងក្របខណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន។

ទីតាំងទី៣៖ ឈ្មោះផ្លូវ ពេជសារ-សុបិន ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ២១,០៤គ.ម. ទទឹង ៥ម៉ែត្រ ដែលឆ្លងកាត់ឃុំចំនួន ៣ឃុំ គឺ៖ ឃុំអង្គប្រសាទ ឃុំរាមអណ្ដើក និងឃុំគោកព្រេច នៃស្រុកគីរីវង្ស។ ផ្លូវនេះ ត្រូវបានសាងសង់ក្នុងឆ្នាំ២០១៧ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី២។

ទីតាំងទី៤៖ ឈ្មោះផ្លូវ អូរអន្សារ-ហន្ទា ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៧,៣៥គ.ម. ទទឹង ៦ម៉ែត្រ ដែលឆ្លងកាត់ឃុំចំនួន ២ឃុំ គឺ៖ ឃុំកំពែង និងឃុំគោកព្រេច ស្រុកគីរីវង្ស។

ទីតាំងទី៥៖ ឈ្មោះផ្លូវជាតិលេខ២-ធ្លាប្រជុំ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១២,៨៩គ.ម. ទទឹង ៦ម៉ែត្រ ដែលឆ្លងកាត់ឃុំចំនួន ២ឃុំ គឺ៖ ឃុំពេជសារ និងឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត។

ទីតាំងទី៦៖ ឈ្មោះផ្លូវធ្លាប្រជុំ-ភូមិរូង ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៧,៨៨គ.ម. ទទឹង ៦ម៉ែត្រ ដែលតភ្ជាប់ពីឃុំធ្លាប្រជុំ នៃស្រុកកោះអណ្ដែត ទៅកាន់ឃុំដូងខ្ពស់ ស្រុកបូរីជលសារ។

ខ្សែផ្លូវនៃទីតាំងទី៤ ៥ និងទី៦ នេះ ត្រូវបានសាងសង់ក្នុងឆ្នាំ២០២៤ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី៣។

ទីតាំងទី៧៖ ឈ្មោះផ្លូវ ព្រៃសណ្តែក-ត្នោតជុំ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៨,៣៧គ.ម. ទទឹងផ្លូវ ៦ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន ដែលបានបញ្ចប់ការសាងសង់ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ។។ ខ្សែផ្លូវនេះ តភ្ជាប់ពីភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ទៅដល់ភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ៦៨៤គ្រួសារ ស្មើនឹង ៤ ៤២០នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៥ ៩៤៥គ្រួសារ ស្មើនឹង ២៨ ៦៨៨នាក់។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ដ្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ឱ្យចុះពិនិត្យ និងធ្វើរបាយការណ៍ ស្ដីពីផ្លូវដែលទទួលរងការខូចខាត ដើម្បីស្នើសុំគោលការណ៍ដាក់ក្នុងផែនការថែទាំប្រចាំ។

គួរជម្រាបជូនដែរថា សមិទ្ធផលទាំងនេះ បាននិងកំពុងចូលរួមចំណែកជួយដោះស្រាយទុក្ខលំបាក និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព និងក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលចាប់តាំងពីនីតិកាលមុនៗ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្ដដល់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវន្ដរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕