FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បន្ទាប់ពីប្រធានមន្ទីរចាស់បានចូលនិវត្តន៍

12-11-2026 17:44

(សៀមរាប)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោកវេជ្ជបណ្ឌិត សូរ សុទ្ធី ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ជំនួសលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ដែលបានចូលនិវត្តន៍។

ពិធិនេះធ្វើឡើង នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានការចូលរួមពីលោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខា លោក លោកស្រី ប្រតិភូអញ្ជើញមកពីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនចូលរួមផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ក្រសួងបានមើលឃើញពីការរីកចំរើនយ៉ាងឆាប់រហ័ស លើវិស័យសុខាភិបាលក្នុងខេត្តសៀមរាប ពិសេសហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារថ្មីធំៗនៅតាមមន្ទីរពេទ្យ បានកើតឡើងជាបន្តបន្ទាប់ ការបង្កើតឱ្យមានផ្នែកសេវាឯកទេស ការបំពាក់ឧបករណ៍បរិក្ខាពេទ្យ ទំនើបៗនៅមន្ទីរពេទ្យកម្រិត៣ ការបង្កើតឱ្យមានផ្នែកសេវាសង្គោះបន្ទាន់ និងផ្នែកសេវាវះកាត់ ដំណើរការនៅគ្រប់មន្ទីរពេទ្យកម្រិត២។

លោកសាស្ត្រាចារ្យ បានបន្តថា ពិសេសមណ្ឌលសុខភាពជាច្រើន ដែលបានផ្តល់សេវានៅថ្នាក់មូលដ្ឋានបានប្រែក្លាយ ពីការផ្តល់សេវាពិនិត្យពិនិត្យជំងឺក្រៅ និងការបញ្ជូនបន្ថែមមកជាកន្លែងដែលផ្តល់សេវាមានគ្រែសម្រាកព្យាបាលជំងឺកម្រិតស្រាល សម្រួលដល់ការចំណាយថវិការបស់អ្នកជំងឺទៅកាន់មន្ទីរពេទ្យ មិនតែប៉ុណ្ណោះ មន្ត្រីសុខាភិបាល ត្រូវបានបញ្ជូនឱ្យទៅទទួលកាបណ្តុះបណ្តាលស្ទើគ្រប់ជំនាញ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យា វេជ្ជសាស្ត្រទំនើប នាពេលបច្ចុប្បន្ន ក្នុងការបំពេញសេចក្តីត្រូវការរបស់អ្នកជំងឺ។

លោកសាស្ត្រាចារ្យ បន្ថែមថា សូចនាករសំខាន់ៗជាច្រើន ដែលវិស័យសុខាភិបាលបានកែលម្អ ដូចជា៖ ប្រព័ន្ធនៃការផ្តល់សេវាថែទាំ និងព្យាបាលជំងឺ ដោយផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពសេវា ការបង្កើនសេវាតាមបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ការពង្រាយសេវាសុខាភិបាលទៅដល់ទីជនបទដាច់ស្រយាល កែប្រែឥរិយាបទ បុគ្គលិក មន្ត្រីរាជការសុខាភិបាលប្រតិបត្តិបានល្អនូវក្រមសីលធម៌ វិជ្ជាជីវៈ។

លោកសាស្ត្រាចារ្យ បន្តទៀតថា ព្រមទាំងបង្ការបាននូវហានិភ័យហិរញ្ញវត្ថុ សម្រាប់ប្រជាពលរដ្ឋ ដែលបានមកប្រើប្រាស់សេវាសុខាភិបាលសាធារណៈ តាមរយៈប្រព័ន្ធគាំពារសុខភាពសង្គម និងសមិទ្ធផលដ៏ធំធេងនៃវិស័យសុខាភិបាល ដែលសម្រេចបាន តាមរយៈការខិតខំប្រឹងប្រែងតស៊ូជំនះនូវរាល់ឧបសគ្គ របស់បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ និងកិច្ចសហការគាំទ្រពី រដ្ឋបាលមូលដ្ឋាន ក៏ដូចជាការគាំទ្រពីគ្រប់បណ្តារដៃគូពាក់ព័ន្ធ នឹងវិស័យសុខាភិបាល។

លោកសាស្ត្រាចារ្យ ឈាង រ៉ា បញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវអាទិភាព គន្លឹះក្នុងការដំឡើងកម្រិត និងពង្រឹងគុណភាពវិស័យសុខាភិបាល និងត្រៀមប្រឈមនូវកត្តាច្រើន ដែលជះឥទ្ធិពលមកលើសមិទ្ធិផល នៃវិស័យសុខាភិបាលផងដែរ។

លោក ប្រាក់ សោភ័ណ បានលើកឡើងថា ការទទួលបានមុខតំណែងនាពេលនេះ មិនត្រឹមតែជាកិត្តិយសដ៏ខ្ពង់ខ្ពស់ចំពោះខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែ គឺជាការទទួលខុសត្រូវដ៏ធំធេង និងជាបេសកកម្មដ៏សំខាន់ក្នុងការបម្រើសុខភាព និងជីវិតរបស់ប្រជាពលរដ្ឋក្នុងខេត្ត។

លោកបានបន្តថា ហេដ្ឋារចនាសម្ព័ន្ឋរូបវន្ត័វិស័យសុខាភិបាល នៅខេត្តសៀមរាប ក៏ត្រូវបានពង្រីកកែលម្អរ និងលើកកម្ពស់ជាប្រចាំ នៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព ពិសេសសេវាអន្តរាគមន៍សុខភាពសាធារណៈផ្សេងៗទៀត កាន់តែមានលក្ខណៈគ្រប់ ជ្រុងជ្រោយ ដែលបានបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ទាំងនេះ គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយអត្រាមរណៈភាពមាតា-កុមារ និងទារក ជំងឺអេដស៏ ជំងឺរបេង ជំងឺគ្រុនចាញ់ និងកំណើនឡើង នៃអាយុកាលរំពឹងទុករបស់ប្រជាពលរដ្ឋយើង និងស្របតាមយុទ្ឋសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយនេះដែរ លោក ប្រាក់ សោភ័ណ ក៏សំណូមពរដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ដែលជាអង្គភាពជួរមុខ សូមមេត្តាបន្តយកចិត្តទុកដាក់ត្រួតពិនិត្យស្ថានភាពជាក់ស្តែងក្នុងបរិយាកាសយោគយល់ សាមគ្គី ភាតរៈភាព និងនាំមកនូវគំនិតថ្មី ទស្សនៈថ្មីដ៏សមស្របសម្រាបអនាគត ដែលជាការផ្តួចផ្តើម និងសម្របសម្រួល សំដៅលើកកម្ពស់សមត្ថភាព និងគុណភាពនៃប្រព័ន្ឋសុខាភិបាលទំនើប ធ្វើយ៉ាងណឱ្យការអនុវត្តន៍ផែនការយុទ្ឋសាស្ត្រសុខាភិបាលទទួលបានជោគជ័យខ្ពស់បំផុត ដើម្បីជាឧត្តប្រយោជន៍ជូនប្រជាពលរដ្ឋ ពិសេសប្រជាជនក្រីក្រនៅតំបន់ដាច់ស្រយ៉ាល៕