កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀមចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសឱសថអាស៊ាន លើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប
12-11-2026 17:42
(សៀមរាប)៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀមចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសឱសថអាស៊ាន លើកទី៤២ (42nd ASEAN Pharmaceutical Product Working Group - PPWG) នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពរបស់សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី Marie Tham អនុប្រធានក្រុការងារបច្ចេកទេសឱសថអាស៊ាន (PPWG) ព្រមទាំងប្រទេសជាសមាជិកអាស៊ានចូលរួមផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា ការជំរុញអនុវត្តផែនការការងារ PPWG ឆ្នាំ២០២៦-២០៣០ ដោយត្រូវបន្តបំប្លែងការប្តេជ្ញាចិត្តក្នុងតំបន់ ទៅជាសកម្មភាពជាក់ស្តែង និងមានលទ្ធផលវាស់វែងបាន ជាពិសេសការស្វែងរកនីតិវិធីសាស្ត្ររួម ដែលគិតគូរពីភាពខុសគ្នានៃប្រព័ន្ធនិយ័តកម្ម និងសមត្ថភាពរបស់រដ្ឋសមាជិកនីមួយៗ។
លោកសាស្ត្រាចារ្យ បានបន្តថា ការពង្រឹងកិច្ចសហប្រតិបត្តិការនិយ័តកម្ម និងការទទួលស្គាល់គ្នាទៅវិញទៅមក ដោយត្រូវមានយន្តការអនុវត្តនិយ័តកម្មក្នុងតំបន់ ឱ្យមានប្រសិទ្ធភាព រួមជាមួយនឹងការពឹងផ្អែកទៅលើការវាយតម្លៃ របស់អាជ្ញាធរនិយ័តកម្ម ដែលមានសមត្ថភាព ស្របតាមគោលការណ៍ និងលក្ខខណ្ឌសមស្រប ដែលអាចជួយបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយការងារស្ទួនដែលមិនចាំបាច់ និងសម្រួលដល់ការទទួលបានឱសថ ដែលមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព សម្រាប់ប្រជាពលរដ្ឋ។
លោកសាស្ត្រាចារ្យ បន្តទៀតថា ការពង្រឹងការពិនិត្យ និងតាមដានផលិតផលឱសថក្រោយពេលអនុញ្ញាតឱ្យចរាចរលើទីផ្សារ និងតាមដានផលិតផលឱសថ ដែលត្រូវបានត្រួតពិនិត្យតាមដានគុណភាព សុវត្ថិភាព ព្រមទាំងការឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ចំពោះហានិភ័យដែលអាចកើតមានដោយផលិតផលឱសថ។
លោកសាស្ត្រាចារ្យ បន្ថែមថា ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការលើការរាយការណ៍ ឬការចែករំលែកព័ត៌មានពីឱសថក្លែងក្លាយ បន្លំ ឬអន់គុណភាព ឬឱសថដែលគ្មានសុវត្ថិភាព តាមរយៈប្រព័ន្ធប្រកាសអាសន្នផលិតផលឱសថ ក្រោយការអនុញ្ញាតឱ្យចរាចរលើទីផ្សារ (ASEAN Post-Marketing Alert System - PMAS) មានសារៈសំខាន់ណាស់ នៅក្នុងការពង្រឹងប្រព័ន្ធនិយ័តកម្មនៅក្នុងតំបន់។
លោករដ្ឋមន្រ្តីសុខាភិបាល បញ្ជាក់ថា សម្រាប់កម្ពុជា ការពង្រឹងប្រព័ន្ធនិយ័តកម្មឱសថ គឺជាអាទិភាពមួយក្នុងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពថែទាំសុខភាព សំដៅជំរុញដល់ការអនុវត្តគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើការពង្រឹងសេវាសុខាភិបាល ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣៥។
លោកសាស្ត្រាចារ្យ រដ្ឋមន្រ្តីបានបន្តទៀតថា ការអនុវត្តវិធានការគន្លឹះវិស័យសុខាភិបាល ទទួលបានលទ្ធផលល្អប្រសើរ ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការទទួលបាន សេវាថែទាំសុខភាពបឋម ចាប់ពីមណ្ឌលសុខភាពរហូតដល់មន្ទីរពេទ្យគ្រប់កម្រិត។ ក្រសួងសុខាភិបាល និងនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង កំពុងបន្តប្តេជ្ញាពង្រឹងការត្រួតពិនិត្យឱសថ ការកែលម្អសមត្ថភាពនិយ័តកម្ម លើកកម្ពស់ការតាមដានគុណភាព និងសុវត្ថិភាពឱសថ និងធ្វើឱ្យការអនុវត្តនិយ័តកម្មកាន់តែមានភាពសមស្របតាមលក្ខខណ្ឌ និងស្តង់ដារអាស៊ានពាក់ព័ន្ធ។
លើសពីនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា គោលបំណងទាំងនេះ មិនអាចសម្រេចបានដោយប្រទេសណាមួយតែម្នាក់ឯងនោះទេ ត្រូវមានកិច្ចសហប្រតិបត្តិការពីសមាជិក រដ្ឋសមាជិកនីមួយៗផងដែរ។ កិច្ចសហប្រតិបត្តិការនេះ បានផ្តល់ឱកាសដ៏មានតម្លៃ សម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមក ការពង្រឹងសមត្ថភាពស្ថាប័ន ការចែករំលែកព័ត៌មាន និងបទពិសោធន៍ ព្រមទាំងការដោះស្រាយបញ្ហាប្រឈមរួមគ្នា។ កម្ពុជាបាន និងបន្តរួមចំណែកក្នុងក្រុមការងាររបស់ PPWG និងគាំទ្រគំនិតផ្តួចផ្តើមជាក់ស្តែងដែលជំរុញកិច្ចសហប្រតិបត្តិការនិយ័តកម្មឱសថ និងការការពារសុខភាពសាធារណៈ។
លោកស្រី Marie Tham បានសម្តែងនូវការវាយតម្លៃខ្ពស់យ៉ាងស្មោះស្ម័គ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល និងនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ដែលបានទទួលនូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ក៏ដូចជារៀបចំនូវកិច្ចប្រជុំនេះបានយ៉ាងល្អប្រសើរ។ លោកស្រីក៏សូមថ្លែងអំណរគុណដល់លេខាធិការដ្ឋានអាស៊ាន ដែលបានបន្តការគាំទ្រ ដ៏មានតម្លៃដល់ក្រុមការងារបច្ចេកទេសផលិតផលឱសថអាស៊ាន។
ជាមួយនេះ លោកស្រី បញ្ជាក់ថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក រដ្ឋជាសមាជិកអាស៊ានបានធ្វើការជាមួយគ្នា ក្នុងស្មារតីនៃភាពជាដៃគូ និងការគោរពគ្នាទៅវិញទៅមក ដើម្បីធ្វើសុខដុមនីយកម្មលើលក្ខខណ្ឌតម្រូវនិយ័តកម្មឱសថ និងជំរុញឱ្យមានការបញ្ចូលគ្នាកាន់តែច្រើនឡើង នៅក្នុងប្រព័ន្ធនិយ័តកម្ម។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ បានបង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងប្រកបដោយអត្ថន័យសម្រាប់កិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន ហើយយើងគួរតែមានមោទនភាពចំពោះអ្វីដែលយើងបានកសាងឡើងរួមគ្នាផងដែរ៕

































