FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី សន សុខា៖ យើងរួមគ្នាដើម្បីការពង្រឹងសិទ្ធិ បង្កើនឱកាស លើកកម្ពស់ភាពជាអ្នកដឹកនាំ និងបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍វ័យក្មេង

12-11-2026 17:41

(ស្ទឹងត្រែង)៖ លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង ថ្លែងបែបនេះក្នុងឱកាសដែលមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង សហការជាមួយរដ្ឋបាលស្រុកសៀមប៉ាង ក្រោមការឧបត្ថម្ភរបស់អង្គការភ្លែន (Plan) រៀបចំកម្មវិធីរត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នាក្រោមប្រធានបទ៖ «វិនិយោគលើក្មេងស្រី៖ ពង្រឹងសិទ្ធិ បង្កើនឱកាស លើកកម្ពស់ភាពជាអ្នកដឹកនាំ និងបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍វ័យក្មេង ដើម្បីឈានទៅសម្រេចបាននូវសង្គមដែលមានអារ្យធម៌ខ្ពស់» នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅស្រុកសៀមប៉ាង។

លោកស្រី សន សុខា បានថ្លែងឲ្យដឹងថា កម្មវិធីរត់នេះគឺរៀបចំឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការបញ្ឈប់រាល់ទម្រង់នៃការរើសអើង និងរាល់រូបភាពនៃអំពើហិង្សាទៅលើស្ត្រីនិងក្មេងស្រី ព្រមទាំងបង្កើនភាពអង់អាចរបស់ក្មេងស្រី ដោយផ្តល់ឱកាសពេញលេញឲ្យក្មេងស្រីអនុវត្តសិទ្ធិ និងសក្តានុពលរបស់ពួកគេលើគ្រប់វិស័យ ដោយផ្តោតលើគោលដៅចម្បងៗចំនួន២គឺ៖

*ទី១៖ លើកកម្ពស់ការគាំទ្រពីសំណាក់ក្រុមគ្រួសារ សហគមន៍ និងប្រជាជនគ្រប់រូប ជាពិសេសបុរស និងក្មេងប្រុស ក្នុងការអនុញ្ញាតឲ្យក្មេងស្រីទទួលបានឱកាសពេញលេញអនុវត្តនូវសិទ្ធិ និងការអភិវឌ្ឍសមត្ថភាព ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

*ទី២៖ បង្ការទប់ស្កាត់អាពាហ៍ពិពាហ៍វ័យក្មេង តាមរយៈការបង្កើនការយល់ដឹងរបស់ក្រុមគ្រួសារ សហគមន៍ និងយុវជន ព្រមទាំងការផ្លាស់ប្តូរនិយាមសង្គម ដើម្បីឲ្យក្មេងស្រីអាចបន្តការសិក្សា អភិវឌ្ឍចំណេះដឹង និងជំនាញ ពង្រឹងភាពជាអ្នកដឹកនាំ និងកសាងអនាគតរបស់ខ្លួន ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍគ្រួសារ សហគមន៍ និងសង្គមជាតិ។ ក្មេងស្រីមិនមែនជាអ្នកទទួលផលតែប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកចូលរួម និងជាអ្នកដឹកនាំនៃការអភិវឌ្ឍ។

ក្នុងនាមលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង, លោក ស៊ី សួន អភិបាលរងខេត្ត សូមថ្លែងអំណរគុណដល់ការចូលរួមគាំទ្រយុទ្ធនាការនេះពីសំណាក់មហាជនទាំងអស់ តាមរយៈការចូលរួមរត់ទាំងអស់គ្នា បញ្ជាក់ឆន្ទៈចូលរួមដើម្បីអនាគតរុងរឿងត្រចះត្រចង់របស់យុវជនវ័យក្មេង ហើយលោកស្រីក៏បានថ្លែងអំណរគុណដល់អង្គការភ្លែន (Plan) ដែលបានជួយឧបត្ថម្ភដល់កម្មវិធីនេះផងដែរ៕