អាជ្ញាធរជាតិអប្សរា រៀបចំពិធីប្រុងពលី នៅប្រាសាទមេបុណ្យខាងលិច ត្រៀមធ្វើព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធ
12-11-2026 17:21
(សៀមរាប)៖ បណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អគ្គនាយករង ទីប្រឹក្សា ប្រធាននាយកដ្ឋាន និងសហការី នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំពិធីប្រុងពលី បួងសួងសុំម្ចាស់ទឹកម្ចាស់ដីជួយបីបាច់ថែរក្សា ប្រទានពរជ័យផ្តល់នូវសេចក្តីសុខ សិរីសួស្តី ជ័យមង្គល នៅបរិវេណប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅលើកោះកណ្តាលបារាយណ៍ទឹកថ្លា។
ពិធីប្រុងពលីនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទមេបុណ្យខាងលិច ត្រូវបានជួសជុលរួចរាល់ជាស្ថាពរ ដែលគ្រោងនឹងរៀបចំព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធប្រាសាទមេបុណ្យខាងលិច ក្រោមព្រះរាជាធិបតីភាព និងអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងលោកជំទាវទី១ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង (Francophonie) លើកទី២០ នៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ការងារជួសជុល និងអភិរក្សប្រាសាទមេបុណ្យខាងលិច បានបញ្ចប់ជាស្ថាពរកាលពីខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីចំណាយពេលជួសជុលអស់រយៈពេល ១៤ឆ្នាំ៕
























