FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចំនួន ៥០០,០០០ នាក់

12-11-2026 15:55

(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួម “ពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួន ៥០០ ០០០ នាក់” ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថានប័នពាក់ព័ន្ធ ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ, គ្រឹះស្ថានហិរញ្ញវត្ថុ, ដៃគូអភិវឌ្ឍន៍, តំណាងក្រុមហ៊ុនឯកជន, និងភាគីពាក់ព័ន្ធ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានមោទនភាពដែលបានចូលរួមជាផ្នែកមួយក្នុងការគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើបរិវត្តកម្មអ្នកប្រកបរបរ និងអាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធផ្លូវការ ដែលបានឈានដល់សមិទ្ធផលសំខាន់នៃការចុះឈ្មោះបានចំនួន ៥០០,០០០ នាក់។

ក្នុងនាមជាធនាគារគោលនយោបាយ និងធនាគារអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ARDB បានចូលរួមផ្សព្វផ្សាយ ណែនាំ និងសម្របសម្រួលដល់អតិថិជន កសិករ អ្នកប្រកបរបរ និងអាជីវកម្មខ្នាតតូចនៅតាមមូលដ្ឋាន ឱ្យយល់ដឹងពីអត្ថប្រយោជន៍នៃការចូលក្នុងប្រព័ន្ធផ្លូវការ និងឱកាសក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងការគាំទ្រផ្សេងៗ។ សម្រាប់ ARDB ការចុះឈ្មោះនេះគឺជាជំហានសំខាន់ក្នុងការជួយឱ្យអ្នកប្រកបរបរ និងអាជីវកម្មខ្នាតតូច បង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ពង្រឹងការគ្រប់គ្រងអាជីវកម្ម និងពង្រីកឱកាសចូលទៅកាន់ទីផ្សារ។

ARDB នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការភ្ជាប់ការធ្វើបរិវត្តកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅនឹងបរិយាបន្នហិរញ្ញវត្ថុ ការបង្កើនផលិតភាព និងការពង្រឹងសហគ្រាសមូលដ្ឋាន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាព៕