លោក ចេង មុនីរ៉ា ជួបសំណេះសំណាលជាមួយបុគ្គលិកសំអាតអនាម័យក្រុមហ៊ុន «៨០០ super» ប្រចាំខណ្ឌសែនសុខចំនួន២៣នាក់ និងឧបត្ថម្ភគ្រឿងបរិភោគ និងថវិកា
12-11-2026 15:53
(ភ្នំពេញ)៖ នាព្រឹកថ្ងៃ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ បានជួបសំណេះសំណាលជាមួយបុគ្គលិកសំអាតអនាម័យក្រុមហ៊ុន «៨០០ super» ប្រចាំខណ្ឌសែនសុខចំនួន២៣នាក់ និងបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ថវិកា ដោយក្នុងម្នាក់ៗទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកបរិសុទ្ធ១កេស, ឃីត១កញ្ចប់ និងថវិកា ៥០.០០០រៀលផងដែរ។
លោក ចេង មុនីរ៉ា បានថ្លែងកោតសរសើរបុគ្គលិកសំអាតអនាម័យក្រុមហ៊ុន ៨០០ super ដែលបានចេញប្រមូលសំរាមយ៉ាងសកម្មតាមគោលដៅនីមួយៗបានទាន់ពេល បានស្អាតមានអនាម័យ និងសូមឲ្យបងប្អូនជាកម្មករ មូលសំរាមទាំងអស់ ត្រូវមានអនាម័យខ្ពស់ និងអនុវត្តន៍ ចំពោះវិធានការរបស់ក្រសួងសុខាភិបាល សម្រាប់ទប់ស្កាត់ការឆ្លងជំងឺឆ្លងផ្សេងៗ ដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។
ជាមួយគ្នានេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ បានអំពាវនាវ និងសំណូមពរបងប្អូនប្រជាជនដែលរស់នៅតាមខ្នងផ្ទះនីមួយៗ ដោយសូមបងប្អូនប្រជាជនមេត្តាវេចខ្ចប់ ទុកដាក់សំរាមអោយបានត្រឹមត្រូវ (ពិសេសសំរាម សើមងាយរលួយ) និងចូលរួមសម្អាត និងធ្វើអនាម័យ បរិស្ថាន មូលដ្ឋានខណ្ឌយើងឲ្យកាន់តែស្អាតល្អប្រសើរថែមមួយកំរឹតទៀត អោយខណ្ឌប្រែមុខមាត់ថ្មី ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានី ធ្វើអោយខណ្ឌសែនសុខ មានសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានល្អប្រសើរ គួរអោយចង់រស់នៅ៕






