រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យសមិទ្ធផលស្ពាន និងផ្លូវថ្មីៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជូនចំពោះប្រជាពលរដ្ឋ នៅខេត្តកំពត
12-11-2026 15:28
(កំពត)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេស មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យគុណភាពស្ពានបេតុងចំនួន១កន្លែង និងផ្លូវចំនួន២ខ្សែ ដើម្បីពិនិត្យវឌ្ឍនភាពការងារ គុណភាពសំណង់ និងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទ នៅក្នុងខេត្តកំពត។
ក្នុងដំណើរចុះពិនិត្យនេះ ទីតាំងទី១៖ ស្ពានបេតុង មានឈ្មោះថា ស្ពានភ្នំល្ង មានប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ ព្រមទាំងមានការស្ថាបនាផ្លូវក្រាលបេតុងសងខាងក្បាលស្ពានប្រវែងសរុប ៣០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ដោយមានគំនូសចរាចរណ៍, បង្គោលសុវត្ថិភាព និងផ្លាកសញ្ញាចរាចរណ៍ផងដែរ។ ស្ពានបេតុងនេះ ត្រូវបានអនុវត្តការសាងសង់ដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយបានទើបបានបញ្ចប់ ១០០% កាលពីខែតុលា កន្លងទៅនេះ។ ស្ពាននេះ តភ្ជាប់ពីភូមិកន្លង់ ឃុំស្ដេចគង់ខាងជើង ទៅភូមិចំលងជ្រៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ដោយមានអ្នកទទួលផលសរុបចំនួន ៥ ៣០៤គ្រួសារ ស្មើនឹង ១២ ០៩០នាក់។ សូមរំលឹកជូនដែរថា ស្ពានភ្នំល្ង នេះ កាលពីមុនស្ពានឈើចាស់ទ្រុឌទ្រោម ដែលត្រូវបានព្រះចៅអធិការវត្តគីរីបុប្ផាចំការល្ង ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត និងអាជ្ញាធរក្នុងមូលដ្ឋាន សាងសង់តាំងពីឆ្នាំ២០០០ ដើម្បីធ្វើដំណើរឆ្លងកាត់។ បន្ទាប់ពីសាងសង់ស្ពានបេតុងនេះរួចរាល់ អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានេះ បានថ្លែងអំណរគុណដល់សម្តេមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយទុកលំបាករបស់ប្រជាពលរដ្ឋ។
ទីតាំងទី២៖ អញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុង ប្រវែង ៣,៨០គ.ម. ទទឹង ៥ម៉ែត្រ ចិញ្ចើមសងខាងម្ខាងៗប្រវែង ១ម៉ែត្រ តភ្ជាប់ពីភូមិចំលងជ្រៃ ទៅដល់ភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៩៦៤គ្រួសារ ស្មើនឹង ៣ ៥៧១នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៣ ២៤០គ្រួសារ ស្មើនឹង ១៧ ៨០៩នាក់។ បច្ចុប្បន្នផ្លូវនេះ ស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ និងបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មុនពេលចាប់ផ្ដើមសាងសង់។
ទីតាំងទី៣៖ ឈ្មោះផ្លូវ វត្តប្រាងសុវណ្ណ-វត្តចំប៉ី ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៨,៥៤គ.ម. ទទឹងផ្លូវ ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន ដែលបានបញ្ចប់ការសាងសង់កាលពីខែសីហា ឆ្នាំ២០២៦នេះ។ ផ្លូវនេះ តភ្ជាប់ពីភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ទៅដល់ភូមិស្រែកាន់ខាងលិច ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ២ ៤០០គ្រួសារ ស្មើនឹង ១០ ៣៤២នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១ ៩១៤គ្រួសារ ស្មើនឹង ៨ ៥៥៩នាក់។ ផ្លូវទាំងពីរខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ។
សមិទ្ធផល ដែលបាននិងកំពុងកើតឡើងជាបន្ដបន្ទាប់ទាំងនេះ គឺអាស្រ័យដោយកត្តាប្រទេសជាតិមានសុខសន្ដិភាព និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលចាប់តាំងពីនីតិកាលមុនៗ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្ដដល់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវន្ដរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើសុខទុក្ខ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕
















