បើលោក Jensen Huang ចាកចេញពី Nvidia តើអ្នកណានឹងឡើងកាន់តំណែងជាមេដឹកនាំក្រុមហ៊ុនបន្ទះឈីបយក្សនេះ?
12-11-2026 15:27
(បរទេស)៖ ស្របពេលអនាគតរបស់លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia កំពុងស្ថិតក្រោមភាពមិនច្បាស់លាស់ ក្រោយមានរឿងអាស្រូវពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួន សំណួរដ៏ក្តៅគគុកមួយបានកើតឡើងថា តើនរណានឹងអាចឡើងកាន់តំណែងជាមេដឹកនាំក្រុមហ៊ុនផលិតបន្ទះឈីប AI ដ៏មានឥទ្ធិពលបំផុតមួយរបស់ពិភពលោកនេះ ប្រសិនបើលោក Huang ត្រូវចាកចេញពីតំណែង? អ្នកវិភាគ និងវិនិយោគិនមួយចំនួនបានលើកឈ្មោះបេក្ខភាពពីររូបដែលមានសក្តានុពលខ្ពស់ គឺលោក Ian Buck អ្នកជំនាញបច្ចេកវិទ្យាជាន់ខ្ពស់ និងលោកស្រី Colette Kress ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Nvidia។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។
ប្រភពមួយបានប្រាប់ Reuters ថា ក្រុមប្រឹក្សាភិបាល Nvidia គ្រោងប្រជុំនៅថ្ងៃទី១១ ខែវិច្ឆិកានេះ ដើម្បីពិភាក្សាអំពីអនាគតតំណែងរបស់លោក Huang។ ក្នុងចំណោមបេក្ខភាពទាំងពីរ លោកស្រី Kress អាយុ ៥៩ឆ្នាំ ដែលបានចូលរួមជាមួយ Nvidia តាំងពីឆ្នាំ២០១៣ ត្រូវបានគេមើលឃើញថា អាចក្លាយជានាយកប្រតិបត្តិបណ្តោះអាសន្ន (interim CEO) ដោយសារមានបទពិសោធន៍ផ្នែកហិរញ្ញវត្ថុ និងស្គាល់ទីផ្សារយ៉ាងច្បាស់។ លោក Josh Gilbert អ្នកវិភាគនៅក្រុមហ៊ុន eToro បាននិយាយថា៖ «លោកស្រី Colette Kress គឺជាជម្រើសច្បាស់លាស់បំផុតសម្រាប់រក្សាស្ថិរភាពក្រុមហ៊ុន។ លោកស្រីកាន់តំណែងជា CFO អស់រយៈពេល ១៣ឆ្នាំ និងចូលរួមបង្ហាញលទ្ធផលហិរញ្ញវត្ថុជាមួយលោក Huang រាល់ត្រីមាស ដូច្នេះទីផ្សារស្គាល់ និងជឿទុកចិត្តលើលោកស្រី»។
ចំណែកលោក Ian Buck ដែលបានចូលរួមជាមួយ Nvidia តាំងពីឆ្នាំ២០០៤ គឺជាបេក្ខភាពដ៏មានសក្តានុពលសម្រាប់ការដឹកនាំរយៈពេលវែង។ លោកបានដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធកម្មវិធី CUDA ដែលជួយឱ្យអ្នកអភិវឌ្ឍន៍ប្រើប្រាស់បន្ទះឈីប Nvidia សម្រាប់ការងារ AI។ អ្នកវិភាគ Shay Boloor មកពីក្រុមហ៊ុន Futurum Equities បានចាត់ទុកលោក Buck ថា ជាបេក្ខភាពខាងក្នុងក្រុមហ៊ុនដែលខ្លាំងបំផុតសម្រាប់រយៈពេលវែង។ ក្រៅពីនេះ លោក Rene Haas នាយកប្រតិបត្តិក្រុមហ៊ុន Arm និងជាអតីតបុគ្គលិក Nvidia ក៏ត្រូវបានលើកឡើងជាបេក្ខភាពខាងក្រៅដែលអាចពិចារណាផងដែរ។
ទោះជាយ៉ាងណា អ្នកជំនាញមួយចំនួនយល់ថា Nvidia អាចជ្រើសរើសនាយកប្រតិបត្តិពីររូបឱ្យដឹកនាំរួមគ្នា ដោយម្នាក់ទទួលបន្ទុកអាជីវកម្ម និងហិរញ្ញវត្ថុ និងម្នាក់ទៀតមើលការខុសត្រូវលើផលិតផល និងបច្ចេកវិទ្យា។ អ្នកស្រី Armina Rosenberg អ្នកគ្រប់គ្រងមូលនិធិវិនិយោគនៅក្រុមហ៊ុន Minotaur Capital បានលើកឡើងថា៖ «ជម្រើសដែលមានភាពប្រាកដនិយមជាង គឺតែងតាំងអ្នកដឹកនាំបណ្តោះអាសន្នពីក្រុមមនុស្សជិតស្និទ្ធដែលបម្រើការងារយូរឆ្នាំនៅក្នុងក្រុមហ៊ុន ដែលអាចជាទម្រង់នាយកប្រតិបត្តិរួមគ្នា»។ ទោះបីជាយ៉ាងនេះក្តី Nvidia មិនទាន់ប្រកាសជាផ្លូវការអំពីការផ្លាស់ប្តូរមេដឹកនាំ ឬអ្នកស្នងតំណែងរបស់លោក Huang នៅឡើយទេ៕








