FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី ត្រូវតាំងបង្ហាញនៅ «ភូមិហ្រ្វង់កូហ្វូនី» ដើម្បីបង្ហាញឲ្យថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទស្សនា

12-11-2026 15:23

(ភ្នំពេញ)៖ គំរូគោបុរៈនៃប្រាង្គប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី ត្រូវបានរៀបចំតាំងបង្ហាញនៅក្នុង «ភូមិហ្រ្វង់កូហ្វូនី» ស្ថិតនៅបរិវេណសួនច្បារមុខវត្តបទុមវតី ដើម្បីបង្ហាញឱ្យភ្ញៀវអន្តរជាតិបានទស្សនា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា ភូមិហ្រ្វង់កូហ្វូនី គឺជាព្រឹត្តិការណ៍អមមួយ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ។ ភូមិហ្រ្វង់កូហ្វូនី រៀបចំឡើងក្រោមប្រធាន «ស្នាមញញឹមខ្មែរ ស្នាមញឹមហ្រ្វង់កូហ្វូនី»។

ភូមិហ្វ្រង់កូហ្វូនី ចាប់បើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនា ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការបង្ហាញលើសិល្បៈ វប្បធម៌ កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព រវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជាពន្លាជាតិ, ស្តង់ពិព័រណ៍, ស្តង់ពិព័រណ៍ម្ហូបអាហារ, ការសម្តែងសិល្បៈចម្រុះប្រចាំថ្ងៃ និងការរៀបចំជាកិច្ចសន្ទនា សិក្ខាសាលា លើប្រធានបទគន្លឹះៗ មានជាអាទិ៍ ការលើកកម្ពស់វិស័យទេសចរណ៍ ការអប់រំ យុវជន សមភាពយេនឌ័រ សន្តិភាព ការអភិរក្សបេតិកភណ្ឌវប្បធម៌។ល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកស្រីអគ្គលេខាធិការ នៃអង្គការ OIF នឹងអញ្ជឹងចូលរួមជាគណៈធិបតីបើកព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូនី» ជាផ្លូវការនៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦៕