ប្រជាពលរដ្ឋនៅខណ្ឌជ្រោយចង្វារ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានដោះស្រាយតាមសំណើ និងសំណូមពរពួកគាត់ជាបន្តបន្ទាប់
12-11-2026 15:16
(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលអញ្ជើញចូលរួមវេទិកាសាធារណៈនៅខណ្ឌជ្រោយចង្វារ លើកឡើងអំពីវឌ្ឍនភាពថ្មីៗនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជាក់ស្តែងប្រជាពលរដ្ឋជាច្រើននាក់ទូទាំងមូលដ្ឋានខណ្ឌ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានរៀបចំបំពាក់អំពូលភ្លើងតាមដងផ្លូវសាធារណៈជាបន្តបន្តាប់ បង្កើតបានភូមិដ្ឋានមានសុវត្ថិភាព។
ប្រជាពលរដ្ឋថ្លែងបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពលោក ជួប ខុន សមាជិកក្រុមប្រឹក្សាតំណាងលោក ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ មានប្រជាពលរដ្ឋ បានលើកឡើងនូវសំណូមពរលើបញ្ហាទប់ស្កាត់ការបាក់ច្រាំងទន្លេ និងស្នើសុំការដាក់ប្រព័ន្ធលូជាដណ្តើម។ ក្នុងនោះប្រជាពលរដ្ឋជាច្រើននាក់បានសម្តែងនូវការអបអរសាទរ វឌ្ឍនភាពហេដ្ឋារចនា សម្ព័ន្ធថ្មីៗជាច្រើនក្នុងខណ្ឌជ្រោយចង្វារ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចាត់ចែងឱ្យអាជ្ញាធរ និងមន្ទីរជំនាញបំពាក់អំពូលភ្លើងបំភ្លឺតាមដងផ្លូវ បង្កើតបានសន្តិសុខសុវត្ថិភាពល្អប្រសើរ។
ក្នុងឱកាសលោក ឃ្លាំង ហួត បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានបង្កប់នូវអត្ថន័យពាក្យគន្លឹះចំនួនពីរ គឺផ្សព្វផ្សាយ និងការពិគ្រោះយោបល់។ តាមរយៈការផ្សព្វផ្សាយ របស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញនូវសមិទ្ធផលជាច្រើន ដែលគណៈអភិបាលរាជធានីភ្នំពេញសម្រេចបាន និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តផែនការសកម្មភាពនាឆ្នាំកន្លងមក ក្នុងការបម្រើសេវាសាធារណៈជូន ប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ។
តាមរយៈការពិគ្រោះយោបល់អស់រយៈពេលមួយព្រឹកនេះ យើងទាំងអស់គ្នាបានពិភាក្សា និងពិគ្រោះយោបល់ជាមួយអ្នកចូលរួមទាំងអស់ ជាពិសេស លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ សង្គមស៊ីវិល ។
លោក ឃ្លាំង ហួត បានថ្លែងថា សំណើរសំណូមពរ និងមតិយោបល់ផ្ទាល់មាត់មួយចំនួនរបស់លោក លោកស្រី អង្គវេទិកាបានធ្វើការបំភ្លឺ និងដោះស្រាយជូនឱ្យផ្ទាល់រួចហើយ និងបន្តតាមដានកិច្ចការនេះជាបន្តទៀត ដើម្បីដោះស្រាយជូនបងប្អូន។
ប៉ុន្តែចំពោះសំណើ និងសំណូមពរជាលាយលក្ខណ៍អក្សរទាំងអស់ ដែលទទួលបាន គឺលោកសូមអភ័យទោសដោយមិនទាន់បានដោះស្រាយជូនក្នុងឱកាសនេះ ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកសូមធានាថា នឹងយកសំណើរ សំណូមពរជាលាយលក្ខណ៍អក្សរទាំងអស់ ដែលនៅសល់ ទៅដាក់ជូនគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងដោះស្រាយជូន ព្រមទាំងផ្តល់នូវព័ត៌មានត្រឡប់ជូនដល់លោក លោកស្រីវិញ តាមរយៈក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ នូវលទ្ធផលនៃការដោះស្រាយជូន ទាំងលទ្ធផលវិជ្ជមាន ឬអវិជ្ជមានក្តី ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ជូនជ្រាបនៅពេលក្រោយ ៕




























