FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នឹងមកដល់កម្ពុជាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (Video inside)

12-11-2026 15:13

(ភ្នំពេញ)៖ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង និងភរិយា នឹងអញ្ជើញមកដល់កម្ពុជា នាម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។ លោកក៏នឹងជួបប្រជុំពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ លើសពីនេះ លោក ម៉ាក្រុង ក៏នឹងអញ្ជើញចូលរួមជាអធិបតីជាមួយ ព្រះករុណា ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង ក្នុងព្រះរាជពិធីបិទបញ្ចប់គម្រោងកែលម្អប្រាសាទមេបុណ្យខាងលិច ស្ថិតក្នុងទឹកដីខេត្តសៀមរាបថែមទៀត។

ក្រសួងការបរទេស បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក អេម៉ានុយអែល ម៉ាក្រុង នាពេលនេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បន្ទាប់ពីទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់អតីតប្រធានាធិបតីបារាំង២រូប កាលពីអតីតកាល គឺលោកប្រធានាធិបតី ហ្សាល ដឺហ្គោល (Charles de Gaulle) នៅឆ្នាំ១៩៦៦ និងលោកប្រធានាធិបតី ហ្វ្រង់ស្វ័រ មីទែរ៉ង់ (François Mitterrand) នៅឆ្នាំ១៩៩៣។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ កម្ពុជា-បារាំង នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការពារជាតិ។ ការចុះហត្ថលេខាទាំងនេះ ត្រូវបានរំពឹងថា នឹងផ្តល់កាលានុវត្តភាពដ៏ធំធេង ក្នុងការពង្រឹងចំណងមិត្តភាពជាប្រពៃណី និងបើកទំព័រសករាជថ្មីនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង ដែលផ្តល់ផលប្រយោជន៍រួមឱ្យគ្នាទៅវិញទៅមក៕