អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ២៥គ្រួសារ នៅឃុំដងកាំបិត បានទទួលអំណោយមនុស្សធម៌របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត
12-11-2026 15:10
(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតចំនួន ២៥ គ្រួសារ នៅឃុំដងកាំបិត។ ពិធីនេះប្រព្រឹត្តទៅនៅមាត់ស្ទឹងសែន ភូមិស្រែវាលខាងកើត ក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០២៦។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងលោក នួន ផារ័ត្ន អភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត។
លោកបានបញ្ជាក់ថាកន្លងទៅនេះ នៅឃុំដងកាំបិត ដែលជាឃុំនៅចុងកាត់មាត់ញករបស់ស្រុកសណ្ដាន់ មានព្រំប្រទល់ជាប់ជាមួយឃុំរុងរឿង និងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ មានការលំបាកក្នុងការធ្វើដំណើរដឹកទំនិញ កសិផលផ្សេងៗ និងការធ្វើចរាចរណ៍ទៅកាន់ទីរួមស្រុកសណ្ដាន់ មានការលំបាកយ៉ាងខ្លាំង តែបច្ចុប្បន្ននេះ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងស្រុកសណ្ដាន់ បានធ្វើឲ្យឃុំដងកាំបិតមានការប្រែប្រួលថ្មី ដោយមានសំណង់ស្ទាក់ទឹកមានតម្លៃរាប់លានដុល្លារ សម្រាប់បម្រើឲ្យវិស័យកសិកម្មនៅខេត្តកំពង់ធំ។
ព្រមជាមួយនោះ ផ្លូវលំ ស្ពានថ្នល់ ត្រូវបានស្ថាបនាសម្រួលដល់ការចរាចរណ៍ដឹកទំនិញផ្សេងៗបានលឿនរហ័ស ទាំងនៅប៉ែកខាងលិចស្ទឹង និងនៅប៉ែកខាងកើតស្ទឹងសែន ក្នុងឃុំដងកាំបិតយើង។ ទីវត្តអារាមត្រូវបានក្រុមការងារ ចុះមូលដ្ឋានឃុំ ជួយសាងសង់កុដិ និងឧបដ្ឋានសាលា ព្រមទាំងសមិទ្ធផលមួយចំនួនទៀតនៅក្នុងវត្តស្រែវាលខាងកើត។ ដោយឡែក សាឡង់មួយគ្រឿងអំណោយរបស់សម្ដេចមហាបវរធិបតី ត្រូវបានក្រុមការងារប្រគល់ជូន ក្រុមប្រឹក្សាឃុំដងកាំបិត សម្រាប់ចម្លងជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់ដងស្ទឹងសែនផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារ បានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥ គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយួរ និងត្រីខកំប៉ុងចំនួនមួយយួរផងដែរ។
លោកបានសំណូមពរបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋយើងទាំងអស់គ្នា ខិតខំថែរក្សាសុខភាពឲ្យបានល្អ និងខិតខំប្រឹងប្រែងបង្កបង្កើនផលដាំដុះដំណាំ ចិញ្ចឹមសត្វ លើកកម្ពស់ជីវភាពរស់នៅរបស់ក្រុមគ្រួសារនីមួយៗ ឲ្យកាន់តែប្រសើរឡើង៕












