FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋ និងអាជីវករផ្សារណាត់ខេត្តតាកែវ ស្នើអាជ្ញាធរដោះស្រាយបញ្ហាសំរាម និងក្លិនស្អុយ ប៉ះពាល់ដល់សុខភាព និងអាជីវកម្ម

12-11-2026 15:08

(តាកែវ)៖ ប្រជាពលរដ្ឋ និងក្រុមអាជីវករដែលលក់ដូរនៅផ្សារណាត់ ភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះអ្នកយកភាស៊ីផ្សារ ដោយសារបញ្ហាមិនបានទុកដាក់សំរាមឱ្យបានត្រឹមត្រូវ បណ្តាលឱ្យសំរាមគរចោលជះក្លិនស្អុយនៅមុខតូបរបស់ពួកគេ។ បញ្ហានេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព អនាម័យ បង្កការរំខាន និងប៉ះពាល់ដល់សោភ័ណភាព ក៏ដូចជាដំណើរការអាជីវកម្មប្រចាំថ្ងៃរបស់ពួកគាត់។

ក្រុមអាជីវករបានស្នើសុំឱ្យភាគីពាក់ព័ន្ធ និងអាជ្ញាធរក្រុងដូនកែវ ចាត់វិធានការដោះស្រាយជាបន្ទាន់ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងភាពសុខដុមរមនាក្នុងការរកស៊ីលក់ដូរនៅទីតាំងផ្សារ។ លោក សុខ អង្គារ័ត្ន អភិបាលរងក្រុងដូនកែវទទួលបន្ទុកសណ្ដាប់ធ្នាប់ បានថ្លែងថា អាជ្ញាធរក្រុងនឹងធ្វើការពិនិត្យមើលថាតើម្ចាស់ភាស៊ីបានអនុវត្តតាមសៀវភៅបន្ទុកកិច្ចសន្យាដែរឬទេ។

ប្រសិនបើមិនអនុវត្តតាម និងបន្តបណ្តែតបណ្តោយឱ្យមានសំរាមជះក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋ អាជ្ញាធរក្រុងនឹងកោះហៅម្ចាស់ភាស៊ីមកធ្វើកិច្ចសន្យា ហើយបើនៅតែមិនអនុវត្តទៀត នឹងចាត់វិធានការតាមច្បាប់ដោយដាក់វិន័យ ឬលុបកិច្ចសន្យាចោលតែម្តង។

គួររំលឹកផងដែរថា អ្នកយកភាស៊ីផ្សារណាត់រូបនេះ ធ្លាប់ត្រូវបានអាជ្ញាធរក្រុងដូនកែវ កោះហៅ និងធ្វើកិច្ចសន្យាម្តងរួចមកហើយ ពាក់ព័ន្ធនឹងការហាមមិនឱ្យយកភាស៊ីពីអាជីវករលក់ដូរបន្តិចបន្តួច ប៉ុន្តែអ្នកយកភាស៊ីរូបនេះ នៅតែបន្តមិនអនុវត្តតាមកិច្ចសន្យារបស់អាជ្ញាធរក្រុងដដែល។ ការដោះស្រាយបញ្ហាសំរាមនេះ គឺជារឿងចាំបាច់ដើម្បីរក្សាអនាម័យសាធារណៈ និងបរិស្ថានល្អប្រសើរក្នុងផ្សារ៕