FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាខេត្តម្នាក់ និងបុគ្គលិកអប់រំតាមបណ្ដាលស្រុក នាយក និងនាយិការសាលា ចំនួន៥០រូបនៅខេត្តកំពង់ចាម

12-11-2026 15:01

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រកាសចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាខេត្តលោក សោម រស់ ជំនួសលោក ទូច ឆៃ ដែលបានទទួលមរណភាព និងប្រកាសនាយក-នាយិការ សាលាតាមបណ្តាស្រុកចំនួន៥០រូបផងដែរ។

ពិធីប្រកាសនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ក្នុងឱកាសប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើបុគ្គលិកអប់រំទាំងអស់ ដែលបានប្រកាសចូលកាន់តំណែងសូមរៀបចំខ្លួនឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដឹកនាំ ក្នុងអង្គភាពរបស់ខ្លួន ឱ្យស្របតាមកំណែទម្រង់ របស់រាជរដ្ឋាភិបាលដល់លទ្ធភាពលើការបណ្ដុះបណ្ដាល និងកសាងគ្រឹះនៅក្នុងមូលដ្ឋាន ដែលចាប់ផ្ដើមពីថ្នាក់បឋមនេះតែម្ដង។ ដូច្នេះក្នុងនាមថ្នាក់ដឹកនាំក្នុងអង្គភាព ត្រូវគិតអំពីវិធីនៃការគ្រប់គ្រង ដើម្បីធ្វើឲ្យអង្គភាពរបស់យើងមានការរីកចម្រើន។

ទន្ទឹមនឹងនោះ អភិបាលខេត្តក៏បានជំរុញឲ្យលោកនាយក និងនាយិការត្រូវបន្តខិតខំប្រឹងប្រែងនូវកិត្តិយសដែលយើងទទួលបាន ហើយបានតបស្នងដល់អាជ្ញាធរ ថ្នាក់ដឹកនាំដែលបានផ្ដល់ជូននូវតួនាទី ភារកិច្ចនាពេលនេះ។ ម្យ៉ាងទៀតក្នុងនាមថ្នាក់ដឹកនាំ ជាប្រធានអង្គភាពពេញសិទ្ធិ ចាប់ពីពេលនេះតទៅ យើងត្រូវគិតថាតើវិធីសាស្ត្របែបណា ដើម្បីឲ្យការបណ្ដុះបណ្ដាល ការអប់រំទទួលបាននូវគុណភាព សម្រាប់យុវជនជំនាន់ក្រោយ៕