FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋសង្កាត់រលាប ក្រុងពោធិ៍សាត់ ទទួលស្គាល់គុណតម្លៃនៃការសង្គ្រោះជាតិ ការការពារទឹកដី និងការអភិវឌ្ឍរបស់សម្តេចតេជោ និងសម្តេចធិបតី ព្រមទាំងប្តេជ្ញារួមសាមគ្គីគ្នាធ្វើឱ្យខ្មែរកាន់តែរុងរឿង

12-11-2026 15:01

(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋ និងមន្ត្រីបក្សមូលដ្ឋាន ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ បានសម្តែងនូវការទទួលស្គាល់យ៉ាងជ្រាលជ្រៅ ចំពោះគុណបំណាច់នៃការសង្គ្រោះជាតិពិតប្រាកដ ការខិតខំការពារបូរណភាពទឹកដី ការកសាងអភិវឌ្ឍន៍ និងការលើកកម្ពស់កិត្តិយសជាតិខ្មែរលើឆាកអន្តរជាតិរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងបានប្តេជ្ញាចិត្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបន្តការពារទឹកដី និងជំរុញឱ្យប្រទេសជាតិកាន់តែរីកចម្រើនរុងរឿង។

ការបង្ហាញជំហរ និងការប្តេជ្ញាចិត្តនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែល លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលជាមួយមេក្រុមបក្ស និងមន្ត្រីបក្សមូលដ្ឋានមកពី១៦ភូមិ ទូទាំងសង្កាត់រលាប សរុបចំនួន១,០២៣នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។

ពិធីនេះក៏មានការចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន ក្នុងគោលបំណងពង្រឹងកម្លាំងសាមគ្គីភាព និងត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ ឱ្យទទួលបានជោគជ័យ។

ថ្លែងក្នុងអង្គពិធី លោក កែវ រតនៈ បានរំឭកពីប្រវត្តិសាស្ត្រដ៏ជូរចត់នៃការបែកបាក់សាមគ្គីភាព និងភ្លើងសង្គ្រាមរ៉ាំរ៉ៃអស់រយៈពេល ៤៧ឆ្នាំ ដែលប្រទេសកម្ពុជា និយាយជារួម និងខេត្តពោធិ៍សាត់ និយាយដោយឡែក ធ្លាប់បានឆ្លងកាត់។ លោកបានគូសបញ្ជាក់ថា ក្រោយទទួលបានសន្តិភាពពេញលេញ កម្ពុជាមានពេលវេលាត្រឹមតែ ២៨ឆ្នាំប៉ុណ្ណោះ ក្នុងការស្តារ និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនឈានឡើងជាលំដាប់ដូចសព្វថ្ងៃ។ ហេតុដូច្នេះ ប្រជាពលរដ្ឋគ្រប់រូបត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ការពារសន្តិភាព និងសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស ដោយមិនត្រូវឱ្យមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុងជាដាច់ខាត។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងបានផ្តាំផ្ញើដល់មេក្រុមបក្ស និងមន្ត្រីបក្សមូលដ្ឋានទាំងអស់ ត្រូវបន្តបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ក្តាប់ឱ្យជាប់នូវក្តីកង្វល់ និងសំណូមពរនានា ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា ដោយមិនត្រូវមើលរំលងបញ្ហាតូចតាចនោះឡើយ។

ក្នុងឱកាសនោះដែរ លោក កែវ រតនៈ បានជម្រាបជូនអង្គពិធីអំពីសមិទ្ធផលថ្មីៗ សម្រាប់ខេត្តពោធិ៍សាត់ ដោយគូសបញ្ជាក់ថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ខាងមុខនេះ ខេត្តនឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ពហុកីឡដ្ឋានសម្តេចតេជោក្រគរ វាលសម្តេចយស» យ៉ាងអធិកអធម អមដោយការបាញ់កាំជ្រួចអបអរសាទរ ខណៈនៅក្បែរទីតាំងនោះ ក៏មានហេដ្ឋារចនាសម្ព័ន្ធទំនើបៗ ដូចជាស្ថានីយសាករថយន្តអគ្គិសនីល្បឿនលឿន និងហាងអាហារល្បីៗ (KFC, Pizza...) ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

លោកបានបង្ហើបពីគម្រោងស្នើសុំគោលការណ៍ពី សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីដកចំណូលមួយផ្នែកពីវិស័យធនធានរ៉ែ មកសាងសង់ច្រាំងស្ទឹងពោធិ៍សាត់ជាបេតុងសង្ខាង ប្រវែងប្រមាណ៤គីឡូម៉ែត្រ ក្នុងគោលបំណងការពារការបាក់ច្រាំង កែលម្អសោភ័ណភាពសួនច្បារ ទាក់ទាញទេសចរ និងបង្កើតជាកន្លែងលក់ដូរ ដើរលេងកម្សាន្តនាពេលរាត្រី។

ជាមួយគ្នានោះ លោកបានចក្ខុវិស័យអភិវឌ្ឍន៍នៅស្រុកវាលវែង ដោយផ្តោតលើការអភិរក្ស និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ទាក់ទាញភ្ញៀវទេសចរ ព្រមទាំងជំរុញការវិនិយោគវិស័យកសិ-ឧស្សាហកម្ម ដូចជាថាមពលវារីអគ្គិសនី និងរោងចក្រចិញ្ចឹមគោយកទឹកដោះ សម្រាប់ចែកចាយទីផ្សារក្នុងស្រុក។ ចំពោះនៅស្រុកក្រគរ លោកប្តេជ្ញាជំរុញឱ្យប្រែក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្ម-រោងចក្រដ៏ធំ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់។ ចំពោះនៅស្រុកបាកាន លោកបានផ្តោតលើការពង្រីករោងចក្រ និងវិស័យឧស្សាហកម្ម ក្នុងគោលបំណងតែមួយគត់ គឺដើម្បីបង្កើតទីផ្សារការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕