FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះវិហារ នាំអំណោយជូនគ្រួសាររងផលប៉ះពាល់ពីសត្វដំរីព្រៃចូលរាតត្បាត និងបំផ្លាញផលដំណាំនៅស្រុកត្បែងមានជ័យ

12-11-2026 14:58

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារ សត្វដំរីព្រៃចូលរាតត្បាត និងស៊ីបំផ្លាញផលដំណាំ ស្ថិតនៅភូមិពោធិ៍ខឿន (ព្រៃកែង) ឃុំពោធិ៍ ស្រុកត្បែងមានជ័យ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តព្រះវិហារ បានថ្លែងសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ពីការលំបាករបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ព្រមទាំងនាំយកអំណោយទៅផ្តល់ជូន ដើម្បីជួយសម្រាលបន្ទុកជីវភាពក្នុងគ្រាដ៏លំបាកនេះ ដោយមិនបោះបង់ចោលនិងបានប្រកាន់ខ្ជាប់នូវស្មារតី «មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយដាច់ស្បៀង ឬគ្មានការជួយដោះស្រាយឡើយ»។

យោងតាមរបាយការណ៍របស់មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានឱ្យដឹងថា ហ្វូងសត្វដំរីព្រៃដែលរស់នៅក្នុងតំបន់ព្រៃអភិរក្ស ចាប់ពីស្រុកឆែប រហូតដល់តំបន់ព្រៃព្រះរការ មានចំនួនប្រមាណជាង៤០ក្បាល។ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៦ សត្វដំរីព្រៃចំនួន២ក្បាល គឺមួយក្បាលមេ និងមួយក្បាលកូន បានងាប់ដោយសារគ្រាប់ផ្លោងក្នុងអំឡុងសង្គ្រាមព្រំដែនកម្ពុជា-ថៃ។ ចំណែកហ្វូងដំរីចំនួន៦ក្បាលទៀត បានបែកចេញពីហ្វូង និងចូលមកក្នុងតំបន់លំនៅឋានប្រជាពលរដ្ឋ បង្កការភ័យខ្លាច ព្រមទាំងស៊ីបំផ្លាញផលដំណាំរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកត្បែងមានជ័យ។

ថ្លែងក្នុងឱកាសនោះ លោក គីម រិទ្ធី បានលើកឡើងថា ការប៉ះទង្គិចគ្នារវាងសត្វដំរីព្រៃ និងប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជាប់ព្រៃ គឺជាបញ្ហាប្រឈមដែលកើតមានឡើងនៅតាមបណ្តាប្រទេសនានា មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ។ បញ្ហានេះទាមទារឱ្យមានការយកចិត្តទុកដាក់ និងកិច្ចសហការពីគ្រប់ភាគី ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋផង និងការពារសត្វព្រៃផង។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងកោតសរសើរចំពោះអាជ្ញាធរស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារ និងមេភូមិ ដែលបានសហការគ្នាយ៉ាងសកម្ម ទាំងយប់ទាំងថ្ងៃ ក្នុងការចុះល្បាត តាមដានចលនាហ្វូងដំរី និងជួយបណ្តេញពួកវាឱ្យត្រឡប់ចូលក្នុងព្រៃវិញ ដើម្បីកាត់បន្ថយហានិភ័យ និងការពារសុវត្ថិភាព ព្រមទាំងផលដំណាំរបស់ប្រជាពលរដ្ឋ។

លោក គីម រិទ្ធី បានថ្លែងបញ្ជាក់ទៀតថា រដ្ឋបាលខេត្តក៏បន្តយកចិត្តទុកដាក់លើការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីតាមដានស្ថានភាពសត្វដំរីព្រៃ និងចាត់វិធានការសមស្របក្នុងការការពារសុវត្ថិភាពប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយការប៉ះពាល់រវាងមនុស្ស និងសត្វព្រៃ៕