អនុគណៈកម្មការទី៤ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសង្គ្រោះ បន្ដប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
12-11-2026 13:10
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ) នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។
លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងជាអនុប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ) បានធ្វើសេចក្ដីរាយការណ៍លម្អិតជូនកិច្ចប្រជុំអំពីផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់។ លោកឧត្តមសេនីយ៍ឯក យឹម លាង បានអះអាងថា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ នឹងត្រូវប្រើប្រាស់កម្លាំងសមត្ថកិច្ចប្រជុំជិត២ម៉ឺននាក់ ដើម្បីធានាដល់សុវត្ថិភាពទាំងមូល។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាសហប្រធាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ បានឯកភាព និងគាំទ្រនូវផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលរៀបចំដោយអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ) ហើយត្រូវបានផ្សព្វផ្សាយដាក់ឲ្យអនុវត្តនាពេលនេះ។
នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ឡើងវិញអំពីការប្ដេជ្ញាចិត្តខ្ពស់របស់កងកម្លាំងសមត្ថកិច្ចកម្ពុជា ដែលបានត្រៀមលក្ខណៈរួចរាល់ទាំងស្រុង ដើម្បីការពារការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលនាងចូលមកដល់នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារសន្តិសុខជូនប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំពីបណ្តាប្រទេសនានាជុំវិញពិភពលោក ដែលនឹងមកចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។
នាយឧត្តមសេនីយ៍ ស ថេត បានស្នើឲ្យគ្រប់បណ្ដាស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវតែម្ចាស់ការទទួលខុសត្រូវខ្ពស់បំផុត សហការគ្នាយ៉ាងបានស្អិតរមួត ដើម្បីធានាឲ្យបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថកិច្ចជូនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ខណៈកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ គឺជាព្រឹត្តិការណ៍ដែលប្រមូលផ្តុំថ្នាក់ដឹកនាំពិភពលោកច្រើនបំផុត ជាង៩០ប្រទេស មកកាន់ប្រទេសកម្ពុជា ក្នុងនោះលោកប្រធានាធិបតីបារាំង អេម៉នូអែល ម៉ាក្រុង ក៏នឹងមានវត្តដែរ។
សូមជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានគោលបំណងជំរុញកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
កម្ពុជា និងបារាំង បានបង្ហាញឆន្ទៈរួមគ្នាក្នុងការរៀបចំកិច្ចប្រជុំនេះ ឲ្យក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំនៅតំបន់នេះកាលពី២៩ឆ្នាំមុន។
ក្រៅពីនេះ ក៏មានការរៀបចំព្រឹត្តិការណ៍អមសំខាន់ៗចំនួនពីរគឺ ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) និងហ្វ្រង់កូតិច (FrancoTech) ដែលត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។ ការរៀបចំនេះនឹងក្លាយជាឱកាសដ៏កម្រសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពលសិល្បៈ វប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោក៕






































