FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរជាតិអប្សរា បង្ហាញលទ្ធផល នៃការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ប្រចាំឆ្នាំ២០២៦

12-11-2026 13:02

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុង ស្តីអំពី «លទ្ធផលនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរប្រចាំឆ្នាំ២០២៦» ក្រោមអធិបតីភាពលោក សុខ លក្ខិណា ជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ នៅសាលសន្និសីទអង្គរ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមធ្វើបទបង្ហាញដោយ លោក អ៊ុន មណីនីតា អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ស្តីពីលទ្ធផលនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន អង្គរឆ្នាំ២០២៦។

លោក គាត ប៉េងគាង អនុប្រធានការិយាល័យ ធ្វើបទបង្ហាញស្តីអំពី ការអនុវត្តផែនការប្រតិបត្តិបរិស្ថានរបស់នាយកដ្ឋានហិរញ្ញកិច្ច និងគណនេយ្យ, លោក ម៉ុក គន្ធី អនុប្រធាននាយកដ្ឋាន ធ្វើបទបង្ហាញស្តីអំពី ការអនុវត្តកម្មវិធីបរិស្ថានរបស់នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក។

សិក្ខាសាលានេះ មានការចូលរួមពីសិក្ខាកាមចំនួន ១០០នាក់ជាមន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងបង្ហាញពីលទ្ធផល នៃការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន អង្គរប្រចាំឆ្នាំ២០២៦ និងស្វែងយល់បន្ថែមអំពីដំណើរការពាក់ព័ន្ធ ការរួមគ្នាអនុវត្តផែនការសកម្មភាព និងការរិះរកដំណោះស្រាយរួម ដើម្បីឱ្យការអនុវត្តមានប្រសិទ្ធភាព។

លោក អ៊ុន មណីនីតា អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បានបង្ហាញថា គោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា គឺប្តេជ្ញាចិត្តធ្វើយ៉ាងណាជំរុញ ការស្ថាបនាសង្គមឈរលើមូលដ្ឋាន អភិវឌ្ឍន៍និរន្តរភាពស៊ីសង្វាក់គ្នារវាង «ធម្មជាតិ អ្នកស្រុក និងប្រាសាទ» ពោលគឺ «បរិស្ថាន សហគមន៍ និងវប្បធម៌»។

លោកបានបន្តថា អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ តែងតែយកចិត្តទុកដាក់ក្នុងភារកិច្ចរបស់ខ្លួនជាប់ជាប្រចាំ ដូចជា៖ ការត្រួតពិនិត្យគ្រប់គ្រងឯកសារ និងសម្របសម្រួល ការងារតាមនាយកដ្ឋាននីមួយៗ ការរៀបចំឱ្យមានសិក្ខាសាលាដើម្បីផ្សព្វផ្សាយ និងពង្រីកចំណេះដឹងពាក់ព័ន្ធនឹងការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្របតាមស្តង់ដាអន្តរជាតិ ISO 14001 ជំរុញឱ្យមានការអប់រំផ្សព្វផ្សាយដល់បុគ្គលិកចូលបម្រើការងារថ្មី និងចុះផ្សព្វផ្សាយដល់អ្នកលក់ដូរ នគរបាលបេតិកភណ្ឌ និងបរិស្ថានដល់កុមារតាមសាលាបឋមសិក្សាក្នុងតំបន់អង្គរ សិក្សាតាមដានត្រួតពិនិត្យ វាយតម្លៃការសម្អាត និងដឹកជញ្ជូនសំរាម ការចងក្រង និងសរសេរសៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរថ្មី អនុលោមតាមស្តង់ដាអន្តរជាតិ ISO 14001: 2026។

ជាមួយគ្នានេះ លោកក៏បានលើកឡើងនូវលទ្ធផលនានា ដែលជាផែនការរៀបចំរបស់នាយកដ្ឋាននីមួយៗ នៃអាជ្ញាធរជាតិអប្សរា ក្នុងការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ឆ្នាំ២០២៦ផងដែរ៕