FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកទទួលបណ្ណ និងឃីត សម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០

12-11-2026 12:02

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សកម្មភាពដ៏មមាញឹកមួយបានកើតឡើងនៅមណ្ឌលព័ត៌មាន នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (CCIC) រាជធានីភ្នំពេញ ដោយមានវត្តមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូប បានអញ្ជើញមកទទួលបណ្ណសម្គាល់ខ្លួន និងឃីតព័ត៌មាន ដែលរៀបចំដោយក្រសួងព័ត៌មាន។

ការប្រគល់បណ្ណ និងឃីតនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការសម្រួលដល់ការបំពេញភារកិច្ចរបស់អ្នកសារព័ត៌មាន ឱ្យទទួលបានព័ត៌មានទាន់ពេលវេលា និងត្រឹមត្រូវ ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជនទូទៅ។ ឃីតព័ត៌មានដែលបានផ្តល់ជូន រួមមានឯកសារសំខាន់ៗ និងព័ត៌មានលម្អិតអំពីរបៀបវារៈ ក៏ដូចជាព័ត៌មានទូទៅនៃកិច្ចប្រជុំកំពូលនេះ។ វត្តមានរបស់អ្នកសារព័ត៌មានយ៉ាងច្រើនកុះករ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រព័ន្ធផ្សព្វផ្សាយចំពោះព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ។

កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ គឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងនាំមកនូវកិត្តិយស និងឱកាសជាច្រើនសម្រាប់ប្រទេសជាតិក្នុងការបង្ហាញពីសក្តានុពល និងវឌ្ឍនភាពរបស់ខ្លួនលើឆាកអន្តរជាតិ។ តាមរយៈការចូលរួមយ៉ាងសកម្មពីសំណាក់អ្នកសារព័ត៌មាន ព័ត៌មានសំខាន់ៗពីកិច្ចប្រជុំនឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដែលរួមចំណែកដល់ការយល់ដឹងកាន់តែស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការហ្រ្វង់កូហ្វូនី។

គួរឱ្យដឹងថា មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ១.០៦៤នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ តួលេខនេះគិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានស្ថាប័នសារព័ត៌មានចំនួន១៤៦ បានចុះឈ្មោះ ហើយចំនួនអ្នកសារព័ត៌មានត្រូវបានរំពឹងថានឹងបន្តកើនឡើង ខណៈកម្ពុជាគ្រោងទទួលអ្នកសារព័ត៌មានជាង ១.២០០នាក់ មកពីជិត ៤០ប្រទេស។

សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ នៅថ្ងៃទី១៤ ខែវិច្ឆិកា និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ តាមទិន្នន័យនៃការឆ្លើយតបចូលរួម គណៈប្រតិភូចំនួន៧៨ គណៈប្រតិភូ គ្រោងនឹងចូលរួម ក្នុងនោះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន ២១រូប។ ក្រៅពីនេះក៏មានដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងផ្លូវការរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីប្រទេសចំនួន៣ រួមមាន រវ៉ាន់ដា បារាំង និងកាណាដា ផងដែរ៕