រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ កម្ពុជា និងម៉ារ៉ុក ប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងការទូត និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ
12-11-2026 11:32
(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងចំណងមិត្តភាព និងភាពជាដៃគូរវាងកម្ពុជា និងម៉ារ៉ុក ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ទេសចរណ៍ អប់រំ និងវប្បធម៌។
ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសលោកស្រី ភឿង សកុណា អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រម៉ារ៉ុក នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh។ ដោយមានការអញ្ជើញ ចូលរួមពីលោក Abderrahim RAHHALY ឯកអគ្គរាជទូតម៉ារ៉ុកប្រចាំកម្ពុជា ព្រមទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្តាអង្គទូត និងភ្ញៀវកិត្តិយសជាច្រើនរូប។
លោកស្រីរដ្ឋមន្ត្រី បានលើកឡើងថា រយៈពេល៣០ឆ្នាំ នៃទំនាក់ទំនងការទូតបានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ទំនុកចិត្ត និងការប្តេជ្ញាចិត្តរួមក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ទោះបីប្រទេសទាំងពីរស្ថិតនៅឆ្ងាយពីគ្នាតាមភូមិសាស្ត្រក៏ដោយ។ ទំនាក់ទំនងនេះបានបន្តរីកចម្រើនតាមរយៈកិច្ចសន្ទនា ការផ្លាស់ប្តូរទស្សនកិច្ច និងការពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។
ជាក់ស្តែង កិច្ចពិគ្រោះយោបល់នយោបាយលើកទី៥ ដែលបានប្រព្រឹត្តទៅនៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០២៦ បានផ្តល់ឱកាសដ៏សំខាន់ក្នុងការពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក និងកំណត់វិស័យសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរក៏បានជំរុញការបញ្ចប់ការចរចាលើសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកទេស និងវប្បធម៌ ព្រមទាំងពិភាក្សាអំពីការបង្កើតគណៈកម្មការចម្រុះកម្ពុជា-ម៉ារ៉ុក។
ដោយឡែក ចំពោះវិស័យវប្បធម៌ លោកស្រីបានចាត់ទុកថា វប្បធម៌ គឺជាស្ពានដ៏សំខាន់ក្នុងការតភ្ជាប់ប្រជាជាតិ ជំរុញការយោគយល់គ្នា និងលើកកម្ពស់ការឱ្យតម្លៃចំពោះប្រវត្តិសាស្ត្រ ប្រពៃណី និងអត្តសញ្ញាណរបស់គ្នាទៅវិញទៅមក។ ក្នុងន័យនេះ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទៅកាន់ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បាននាំឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ ដែលជាមូលដ្ឋានសម្រាប់ពង្រីកការផ្លាស់ប្តូរសិល្បៈ និងវប្បធម៌រវាងប្រទេសទាំងពីរ។
លោកស្រីបណ្ឌិតសភាចារ្យក៏បានសម្តែងការស្វាគមន៍ចំពោះការរៀបចំសប្តាហ៍វប្បធម៌ម៉ារ៉ុក នៅរាជធានីភ្នំពេញ ដែលផ្តល់ឱកាសដល់ប្រជាជនកម្ពុជា បានស្វែងយល់ពីបេតិកភណ្ឌ សិល្បៈ និងប្រពៃណីរបស់ម៉ារ៉ុក ហើយបានបង្ហាញក្តីរំពឹងចំពោះការរៀបចំសប្តាហ៍វប្បធម៌កម្ពុជានៅទីក្រុងរ៉ាបាត ដើម្បីផ្សព្វផ្សាយភាពសម្បូរបែបនៃវប្បធម៌ខ្មែរជូនដល់ប្រជាជនម៉ារ៉ុកផងដែរ។
ជាមួយគ្នានេះ លោកស្រីបានបង្ហាញក្តីសង្ឃឹមចំពោះជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ នៅក្រៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយរំពឹងថា ជំនួបនេះ និងការរំពឹងទុកនៃការចុះហត្ថលេខាលើឯកសារទ្វេភាគី នឹងជួយជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែរីកចម្រើន។
ក្នុងឱកាសអបអរសាទរខួបលើកទី៣០នេះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ជាថ្មីពីជំនឿចិត្តថា កម្ពុជា និងម៉ារ៉ុក នឹងបន្តពង្រឹងភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីបម្រើដល់ផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាជន នៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់សុខុមាលភាព និងវិបុលភាពរួមនាពេលអនាគត៕











