អំណោយមនុស្សធម៌សម្តេចវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានចែកជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រនៅខេត្តកំពង់ធំ
12-11-2026 11:18
(កំពង់ធំ)៖ អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រចំនួន ២៥គ្រួសារ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានទទួលអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ពិធីចែកអំណោយនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងលោក នួន ផារ័ត្ន អភិបាលខេត្ត តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត។
លោកបានបញ្ជាក់ថា កន្លងទៅនេះនៅឃុំដងកាំបិត ដែលជាឃុំនៅចុងកាត់មាត់ញករបស់ស្រុកសណ្ដាន់ មានព្រំប្រទល់ជាប់ជាមួយឃុំរុងរឿង និងឃុំរៀបរយ ស្រុករវាង ខេត្តព្រះវិហារ មានការលំបាកក្នុងការធ្វើដំណើរដឹកទំនិញកសិផលផ្សេងៗ និងការធ្វើចរាចរណ៍ទៅកាន់ទីរួមស្រុកសណ្ដាន់ មានការលំបាកយ៉ាងខ្លាំងតែបច្ចុប្បន្ននេះ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងស្រុកសណ្ដាន់ បានធ្វើឲ្យឃុំដងកាំបិតមានការប្រែប្រួលថ្មី ដោយមានសំណង់ស្ទាក់ទឹកមានតម្លៃរាប់លានដុល្លារ សម្រាប់បម្រើឲ្យវិស័យកសិកម្មនៅខេត្តកំពង់ធំ។
ព្រមជាមួយនោះ ផ្លូវលំ ស្ពានថ្នល់ ត្រូវបានស្ថាបនាសម្រួលដល់ការចរាចរណ៍ដឹកទំនិញផ្សេងៗបានលឿនរហ័ស ទាំងនៅប៉ែកខាងលិចស្ទឹង និងនៅប៉ែកខាងកើតស្ទឹងសែន ក្នុងឃុំដងកាំបិតយើង។ ទីវត្តអារាមត្រូវបានក្រុមការងារចុះមូលដ្ឋានឃុំ ជួយសាងសង់កុដ និងឧបដ្ឋានសាលាព្រមទាំងសមិទ្ធផលមួយចំនួនទៀតនៅក្នុងវត្តស្រែវាលខាងកើត។ ដោយឡែកសាឡង់មួយគ្រឿងអំណោយរបស់សម្ដេចបវរធិបតី ត្រូវបានក្រុមការងារប្រគល់ជូនក្រុមប្រឹក្សាឃុំដងកាំបិត សម្រាប់ចម្លងជូនសិក្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់ដងស្ទឹងសែនផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារ បានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន ពីរយួរ និងត្រីខកំប៉ុងចំនួនមួយយួរផងដែរ និងបានសំណូមពរដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋយើងទាំងអស់គ្នា ខិតខំថែរក្សាសុខភាពឲ្យបានល្អ និងខិតខំប្រឹងប្រែងបង្ករបង្កើនផលដាំដុះដំណាំ ចិញ្ចឹមសត្វលើកកម្ពស់ជីវភាពរស់នៅរបស់ក្រុមគ្រួសារនីមួយៗ ឲ្យកាន់តែប្រសើរឡើង៕










