FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រូវពូជរបស់រដ្ឋាភិបាលជិត ៥០តោន ត្រវអភិបាលខេត្តត្បូងឃ្មុំ​​ នាំទៅចែកជូនដល់កសិកររងគ្រោះដោយទឹកជំនន់ជិត៥០០គ្រួសារ នៅស្រុកត្បូងឃ្មុំ

12-11-2026 11:16

(ត្បូងឃ្មុំ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចែកស្រូវពូជរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាកសិកររងគ្រោះដោយសារគ្រោះធម្មជាតិទឹកជំនន់ចំនួន ៤៨៨គ្រួសារ រស់នៅក្នុងឃុំអញ្ចើម និងឃុំជីគរ ស្រុកត្បូងឃ្មុំ ដើម្បីជួយសម្រាលការលំបាក និងស្តារការដាំដុះឡើងវិញ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ លោក ប៉ែន កុសល្យ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូរខ្ពស់ចំពោះជីវភាព និងសុខទុក្ខរបស់ប្រជាកសិករគ្រប់កាលៈទេសៈ។ ការផ្តល់ស្រូវពូជនាពេលនេះ គឺជាការឆ្លើយតបបន្ទាន់ ដើម្បីជួយស្តារផលិតកម្មកសិកម្មឱ្យដំណើរការឡើងវិញជាប្រក្រតី។

ជាមួយគ្នានេះ លោក ប៉ែន កុសល្យ បានណែនាំឱ្យកសិករទាំងអស់ទុកដាក់ស្រូវពូជឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមបង្កបង្កើនផលក្នុងរដូវកាលខាងមុខឱ្យទទួលបានទិន្នផលល្អប្រសើរ ព្រមទាំងបានដាស់តឿនឱ្យបងប្អូនយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត សូមរួសរាន់ទៅពិនិត្យផ្ទៀងផ្ទាត់ និងចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតឱ្យបានទាន់ពេលវេលា ដើម្បីត្រៀមចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ដោយសារឥទ្ធិពលភ្លៀងធ្លាក់ជាប់ៗគ្នា និងរំហូរទឹកពីតំបន់ខាងលើ បានបណ្តាលឱ្យដំណាំស្រូវស្រាល (អាយុកាលក្រោម ៣០ថ្ងៃ) ក្នុងឃុំអញ្ចើម និងឃុំជីគរ រងផលប៉ះពាល់លើផ្ទៃដីសរុប ៣០៥ហិកតា ក្នុងនោះផ្ទៃដីខូចខាតទាំងស្រុងមានចំនួន ២៦៦ហិកតា ស្មើនឹង ៤៨៨គ្រួសារ ក្នុង ១៦ភូមិ។

ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ស្រូវពូជសរុបចំនួន ៤៨,៨០០គីឡូក្រាម ដោយក្នុងមួយគ្រួសារទទួលបាន ១០០គីឡូក្រាម សម្រាប់ប្រើប្រាស់ក្នុងការស្តារការដាំដុះ និងទ្រទ្រង់ជីវភាពឡើងវិញ៕