FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា និង ADB រួមគ្នាជំរុញការអនុវត្តផែនការជាតិរួមចំណែក ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

12-11-2026 11:05

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោក Yevgeniy Zhukov អគ្គនាយកនៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោកស្រី Yasmin Siddiqi ប្រធានតំណាង ADB ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ជំនួបនេះបានប្រព្រឹត្តទៅក្នុងឱកាស ដែលលោកបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំពិភពលោក (World Leaders Summit) ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសន្និសីទលើកទី៣១ នៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP31) នៅទីក្រុងអង់តាលីយ៉ា សាធារណរដ្ឋតួកគី។

ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) ទាំងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

ជាមួយគ្នានេះ ADB បានបញ្ជាក់ពីការគាំទ្រដល់តួនាទី របស់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងការសម្របសម្រួល និងកៀរគរធនធាន ដើម្បីឆ្លើយតបនឹងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ជាពិសេសបាតុភូតអែលនីញ៉ូ។

លោកបណ្ឌិតរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាបរិស្ថានសកលទាំងអស់ គឺចាំបាច់ត្រូវមានការកិច្ចសហការ ធនធានបន្ថែមពិតប្រាកដ និងការផ្ទេរបច្ចេកវិទ្យា៕