FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រៃវែង ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសិស្សានុសិស្ស ៥នាក់ ដែលបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍

11-11-2026 20:17

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំស្រុកពារាំង នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធសពក្មួយៗសិស្សានុសិស្សចំនួន ០៥នាក់ ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាត់បង់អាយុជីវិត កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ។

ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ លោកអភិបាលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំខេត្ត បានសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមា ចំពោះការបាត់បង់ក្មួយៗសិស្សានុសិស្សទាំង ០៥នាក់ ដែលមានឈ្មោះ សៀង សុផាវត្តី, ឡេង យូលី, សីហា សួស្តី, លី នីតា និង ឃាង ឈីងឈីង។ ពួកគាត់ទាំងអស់សុទ្ធតែជាសិស្សស្រីវ័យក្មេង ដែលរស់នៅក្នុងភូមិឃុំនានាក្នុងស្រុកពារាំង ខេត្តព្រៃវែង។

ការចូលរួមរំលែកទុក្ខនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះប្រជាពលរដ្ឋ ជាពិសេសចំពោះគ្រួសារដែលបានជួបនូវសោកនាដកម្មដ៏ធំធេងនេះ។

លោកអភិបាលខេត្ត ក៏បានធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះដួងវិញ្ញាណក្ខន្ធរបស់ក្មួយៗសិស្សានុសិស្សទាំងអស់ សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ព្រឹត្តិការណ៍ដ៏សោកសៅនេះ បានរំលឹកដល់សាធារណជនទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចឆក់យកអាយុជីវិតមនុស្សជាទីស្រឡាញ់បានគ្រប់ពេលវេលា៕