ប្រធានក្រុមចរចារុស្ស៊ី អះអាងពីវឌ្ឍនភាពខ្លះក្រោយកិច្ចចរចាសន្តិភាពអ៊ុយក្រែន ប៉ុន្តែមិនទាន់ឃើញពីតួនាទីរបស់សហភាពអឺរ៉ុប
11-11-2026 19:51
(មូស្គូ)៖ ក្រោយបិទបញ្ចប់កិច្ចចរចាសន្តិភាពអ៊ុយក្រែនរយៈពេល ២ថ្ងៃនៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi) ប្រធានក្រុមចរចារបស់រុស្ស៊ី លោក Vladimir Medinsky បានថ្លែងនៅថ្ងៃពុធនេះថា ភាគីពាក់ព័ន្ធសម្រេចបានការយោគយល់គ្នាលើបញ្ហាមួយចំនួន ខណៈបញ្ហាមួយចំនួនទៀតនៅមិនទាន់ចុះសម្រុងគ្នានៅឡើយ ហើយកិច្ចចរចានឹងបន្តធ្វើឡើងបន្ថែមទៀតនាពេលខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋរុស្ស៊ី លោក Medinsky បានឱ្យដឹងថា ការរៀបចំក្របខ័ណ្ឌសន្តិសុខថ្មីសម្រាប់អឺរ៉ុបនាពេលអនាគត គឺជាប្រធានបទស្នូលនៃកិច្ចពិភាក្សានេះ ដោយលោកបានគូសបញ្ជាក់ដូច្នេះថា «រួមជាមួយភាគីអាមេរិក យើងបានផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហានេះ ដោយចំណុចខ្លះយើងឈានដល់ការយល់ឃើញរួមគ្នា រីឯចំណុចខ្លះទៀតនៅមិនទាន់ឯកភាពគ្នានៅឡើយទេ។ ពិភពលោកត្រូវការប្រព័ន្ធសន្តិសុខថ្មី និងទំនើបទាន់សម័យមួយ ដែលមានភាពយុត្តិធម៌ និងមិនធ្វើឱ្យប្រទេសណាមួយចាញ់ប្រៀបឡើយ»។ យ៉ាងណាក៏ដោយ លោកបានបង្ហាញជំហរសោះអង្គើយចំពោះលទ្ធភាពដែលប្រទេសអឺរ៉ុបចូលរួមក្នុងកិច្ចចរចានាពេលអនាគត ដោយសង្កត់ធ្ងន់ថា «យើងមិនទាន់ទទួលបានគំនិតផ្ដួចផ្ដើម ឬសំណើសន្តិភាពជាក់ស្ដែងណាមួយពីបណ្ដាប្រទេសអឺរ៉ុបនៅឡើយទេ ដូច្នេះមិនដឹងថាត្រូវជជែកគ្នាពីរឿងអ្វីនោះឡើយ... »។
គួរបញ្ជាក់ថា នៅក្នុងកិច្ចចរចារយៈពេល ២ថ្ងៃក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិកនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួមនេះ រុស្ស៊ី និងអ៊ុយក្រែន ក៏បានព្រមព្រៀងគ្នាដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំមួយផងដែរ ដែលជាការដោះដូរលើកចុងក្រោយបង្អស់ក្នុងចំណោមកិច្ចព្រមព្រៀងដោះដូរឈ្លើយសឹកជាបន្តបន្ទាប់កន្លងមក។ បើតាមលោក Medinsky ភាគីទាំងពីរនឹងប្រកាសព័ត៌មាន៕

