FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាលសម្រេចបង្កើតភូមិថ្មីចំនួន ៥ទៀត ក្នុងស្រុកចុងកាល់ និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីពង្រឹងរដ្ឋបាលមូលដ្ឋាន

11-11-2026 19:45

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានសម្រេចបង្កើតភូមិថ្មីចំនួន ៥បន្ថែមទៀត ក្នុងស្រុកចុងកាល់ និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន និងឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ។ នេះបើយោងតាមប្រកាស របស់ក្រសួងមហាផ្ទៃ ដែលត្រូវបានចុះហត្ថលេខាដោយ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

យោងតាមប្រកាសនេះ ភូមិថ្មីចំនួន ២ ត្រូវបានបង្កើតឡើងនៅក្នុងឃុំពង្រ ស្រុកចុងកាល់ រួមមាន ភូមិស្រះកែវចងចាំ ដែលបំបែកចេញពីភូមិស្រះកែវ និងភូមិអតីតយុទ្ធជន ដែលបំបែកចេញពីភូមិបាត់ក្តៅ។ ចំណែកឯនៅក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ភូមិថ្មីចំនួន ៣ ទៀតក៏ត្រូវបានបង្កើតផងដែរ គឺភូមិរលំត្បាល់ បំបែកចេញពីភូមិអូរក្រូច, ភូមិដីក្រហម បំបែកចេញពីភូមិថ្នល់កែង, និងភូមិអូរផ្អាវ បំបែកចេញពីភូមិស្រែកណ្ដាល។

ការបង្កើតភូមិថ្មីទាំងនេះ គឺធ្វើឡើងតាមសំណើរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ និងមានគោលបំណងសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។ រចនាសម្ព័ន្ធគ្រប់គ្រងភូមិថ្មីនឹងត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ នីតិវិធីនៃការជ្រើសរើស និងការប្រព្រឹត្តទៅរបស់មេភូមិ៕