រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ណែនាំមន្ត្រីក្រោមឱវាទតាមដាន និងពន្លឿនគម្រោងសាងសង់កំពុងដំណើរការ ដើម្បីធានាគុណភាព និងទាន់ពេលវេលា
11-11-2026 18:27
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ជាច្រើនរូបផ្សេងទៀត។
កិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗ រួមមាន ការប្រគល់រង្វាន់លើកទឹកចិត្តដល់បុត្រធីតាមន្ត្រីរាជការដែលទទួលបាននិទ្ទេស A និងប្រកាសតែងតាំងមន្ត្រីរាជការថ្មី និងបទបង្ហាញចំនួន៣ រួមមានបទបង្ហាញស្តីពីបណ្តាញខ្សែផ្លូវជាយុទ្ធសាស្ត្រសម្រាប់ការតភ្ជាប់ផ្ទៃក្នុងប្រទេស និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ បទបង្ហាញអំពីវឌ្ឍនភាពការងារវិស័យភស្តុភារកម្ម និងបទបង្ហាញស្តីពីចីរភាពហិរញ្ញវត្ថុ ការរៀបចំផែនការប្រតិបត្តិការ និងថែទាំ ព្រមទាំងភាពរួចរាល់នៃប្រព័ន្ធទឹកកខ្វក់ ព្រមទាំងពិភាក្សាលើបញ្ហាផ្សេងៗ។
ថ្លែងក្នុងអង្គប្រជុំលោករដ្ឋមន្រ្តី បានអបអរសាទរដល់ លោកលោកស្រី ដែលមានបុត្រទទួលបានជោគជ័យក្នុងការ ប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០២៦ និងទទួលបានលទ្ធផលល្អប្រសើរ និងអបអរសាទរដល់មន្ត្រីរាជការ ដែលបានទទួលការតែងតាំងនៅក្នុងមុខតំណែងថ្មី និងបានណែនាំឲ្យបន្តនូវកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីចូលរួមសម្រេចនូវចក្ខុវិស័យ និងទិសដៅការងារជូនក្រសួងបន្ថែមទៀត។
លោករដ្ឋមន្រ្តី បានជំរុញឱ្យបន្តតាមដាន និងពន្លឿនគម្រោងសាងសង់ដែលកំពុងដំណើរការ និងគម្រោងសិក្សាសមិទ្ធិលទ្ធភាព ដើម្បីធានាគុណភាព និងបញ្ចប់ទាន់ពេលវេលា។ ចំពោះបញ្ហាផ្លូវថ្នល់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ឆ្នាំ២០២៦ ក្រសួងបានចាត់វិធានការជួសជុលបន្ទាន់ និងបានរៀបចំបណ្តាញខ្សែផ្លូវជាយុទ្ធសាស្រ្ត ដែលដើរតួជា “សរសៃឈាមសេដ្ឋកិច្ច” សម្រាប់កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងជំរុញទេសចរណ៍ ពាណិជ្ជកម្ម។
ជាមួយគ្នានេះ ក្រសួងក៏ត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យភស្តុភារកម្ម ដោយជំរុញការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីភស្តុភារកម្មឱ្យបានសម្រេចនៅឆ្នាំ២០២៧ និងពង្រឹងការអនុវត្តផែនការមេភស្តុភារកម្ម ២០២៣-២០៣៣ ដើម្បីសម្រេចបាននូវប្រព័ន្ធឡូជីស្ទីកដែលមានរយៈពេលខ្លី តម្លៃថោក និងទំនុកចិត្តខ្ពស់ ស្របតាមការណែនាំរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី។ ការអភិវឌ្ឍវិស័យទឹកកខ្វក់ក៏ជាអាទិភាពមួយផងដែរ ដើម្បីសុខមាលភាពសាធារណៈ និងបរិស្ថាន។
លោករដ្ឋមន្រ្តី ប៉េង ពោធិ៍ នា ក៏បានផ្តាំផ្ញើ និងជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំទាំងអស់ ព្រមទាំងគ្រប់អង្គភាពក្រោមឱវាទក្រសួង ឱ្យបន្តរួបរួមគ្នា និងខិតខំប្រឹងប្រែងបំពេញភារកិច្ចឱ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ដើម្បីសម្រេចទិសដៅការងាររួមរបស់ក្រសួង និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែរីកចម្រើន៕














