រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីអបអរសាទរខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ យ៉ាងអធិកអធម នៅបុរីវប្បធម៌កោះសំពៅមាស
11-11-2026 18:29
(ពោធិ៍សាត់)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណ ១,៥០០អង្គ/នាក់ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើបុរីវប្បធម៌កោះសំពៅមាស បាននិមន្ត និងអញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត។
នៅក្នុងពិធីយ៉ាងអធិកអធមនេះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ស្រុក ក្រុង និងមន្ទីរអង្គភាពជុំវិញខេត្ត បានរៀបចំប្រតិភូអញ្ជើញដាក់កម្រងផ្កា និងកូរោនចំនួន១១ផែន ដើម្បីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រមទាំងសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ក្នុងឱកាសខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកានេះ ក៏មានការនិមន្តព្រះសង្ឃបង្សុកូល និងអុជភ្លើងជ័យនៅលើស្តូបអនុស្សាវរីយ៍ ដែលស្ថិតនៅកណ្តាលបុរីវប្បធម៌កោះសំពៅមាសផងដែរ។
លោក ខូយ រីដា តំណាងអង្គពិធីទាំងមូល បានថ្លែងថា លើមូលដ្ឋាននៃចំណងសាមគ្គីភាព និងមិត្តភាព ស្ថិតក្នុងស្ថានភាពសង្គមជាតិដែលមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញនេះ គឺជាប្រភព និងជាបុរេលក្ខខណ្ឌកំណត់នៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច-សង្គម ដែលជាដង្ហើមរស់របស់ជាតិ។ លោកក៏បានរំលឹកអំពីប្រវត្តិសង្ខេប នៃព្រះរាជបូជនីយកិច្ច និងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិ ក្នុងការទាមទារឯករាជ្យពីអាណានិគមនិយមបារាំង។
ឆ្លងកាត់ដំណាក់កាលតស៊ូ និងការចរចាជាច្រើនលើកច្រើនសារ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ កម្ពុជាទទួលបានឯករាជ្យពេញលេញ ហើយបញ្ជាការអគ្គសេនាធិការ ព្រមទាំងកងទ័ពជើងទឹក ជើងគោក និងជើងអាកាសបារាំង បានថ្វាយបង្គំលាព្រះករុណាព្រះបាទ នរោត្តម សីហនុ។ ចាប់តាំងពីថ្ងៃនោះមក ប្រទេសកម្ពុជាមានឋានៈស្មើនឹងសាធារណរដ្ឋបារាំង និងជារដ្ឋឯករាជ្យពេញលេញ និងបរិបូរណ៍។ ព្រះរាជបេសកកម្មដ៏ក្លៀវក្លារបស់ព្រះអង្គ បានធ្វើឱ្យប្រជានុរាស្ត្រខ្មែរទូទាំងប្រទេស ដោយឡែកប្រជារាស្ត្រក្នុងខេត្តពោធិ៍សាត់ ចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ និងប្តេជ្ញាបន្តខិតខំចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថេរភាព និងសមិទ្ធផលសង្គមជាតិឱ្យបានគង់វង្ស និងយូរអង្វែង។
លោកបានថ្លែងបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ព្រមទាំងបន្តវេនដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងខិតខំអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ដោយបានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដែលមានបាវចនា «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងការធ្វើបរិវត្តកម្មឌីជីថល ក្នុងគោលដៅលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
នាឱកាសដ៏មានអត្ថន័យនេះផងដែរ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរួមសាមគ្គីគ្នា ស្រឡាញ់រាប់អានគ្នាដូចបងប្អូនក្នុងគ្រួសារតែមួយ និងបន្តរក្សាភាពស្ងប់ស្ងាត់ ព្រមទាំងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយរាល់បញ្ហាជាតិ ជាពិសេសបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការដែលមានស្រាប់ ដើម្បីការពារបូរណភាពទឹកដី និងរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាអចិន្ត្រៃយ៍៕



















