រដ្ឋមន្រ្តី ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្សឱ្យចេះប្រើប្រាស់ជំនាញបច្ចេកទេស ឌីជីថល និង AI ជាគន្លឹះបំពេញតម្រូវការឧស្សាហកម្ម និងលើកកម្ពស់ផលិតភាពការងារ
11-11-2026 18:02
(ភ្នំពេញ)៖ ថ្លែងជាវាគ្មិនក្នុងកិច្ចពិភាក្សាគោលនយោបាយកម្រិតខ្ពស់ពិសេសស្តីពីទីផ្សារការងារ និងគោលនយោបាយឧស្សាហកម្មថ្មីរបស់កម្ពុជា៖ ផលិតភាព ជំនាញ និងបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលរៀបចំឡើងក្នុងឱកាសសន្និសីទថ្នាក់ជាតិស្ដីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៦ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្សប្រកបដោយជំនាញបច្ចេកទេស និងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា គឺជាកត្តាស្នូលក្នុងការលើកកម្ពស់ផលិតភាពការងារ បង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្ម និងបន្ថែមតម្លៃក្នុងវិស័យឧស្សាហកម្ម ខណៈការកំណត់ទិសដៅគោលនយោបាយឧស្សាហកម្មឱ្យបានច្បាស់លាស់ និងការចូលរួមពីវិស័យឯកជន គឺជាមូលដ្ឋានចាំបាច់ក្នុងការធានាថា ការបណ្តុះបណ្តាលជំនាញឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្តែង។
លោកបានគូសបញ្ជាក់ថា ធនធានមនុស្សជាកត្តាកំណត់ដ៏សំខាន់សម្រាប់គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម ប៉ុន្តែការអភិវឌ្ឍជំនាញមិនអាចសម្រេចបានប្រកបដោយប្រសិទ្ធភាពនោះទេ ប្រសិនបើគ្មានគោលនយោបាយ និងយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការកំណត់វិស័យឧស្សាហកម្មអាទិភាព។
ជុំវិញការអភិវឌ្ឍជំនាញវិជ្ជាជីវៈ លោកបានលើកឡើងថា ក្រសួងបានបន្តពង្រីកការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដោយផ្តោតទាំងលើជំនាញរឹង ជំនាញទន់ និងសហគ្រិនភាព ព្រមទាំងជំរុញការភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាលជាមួយសហគ្រាស ក្រុមហ៊ុន រោងចក្រ និងសិប្បកម្មគ្រប់កម្រិត ដើម្បីលើកកម្ពស់ការចូលរួមរបស់និយោជកក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញកម្លាំងពលកម្មឱ្យត្រូវនឹងតម្រូវការអាជីវកម្មរបស់ខ្លួន។
ទន្ទឹមនឹងនេះ ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) បានបង្កើតឱកាសថ្មីសម្រាប់ការអប់រំ និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ បច្ចុប្បន្ន គ្រឹះស្ថានឧត្តមសិក្សា និងស្ថាប័នអប់រំជាច្រើនបានចាប់ផ្តើមបញ្ចូលចំណេះដឹងឌីជីថល និង AI ទៅក្នុងកម្មវិធីសិក្សា ដែលអាចឱ្យសិស្ស-និស្សិតស្គាល់ និងចេះប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើប ស្វែងរកព័ត៌មាន និងវិភាគការផ្លាស់ប្តូរនៃឧស្សាហកម្ម ព្រមទាំងបង្កើនសមត្ថភាពបត់បែន និងការសម្របខ្លួនទៅនឹងបរិបទការងារថ្មីៗ។ ទោះយ៉ាងណា ជំនាញបច្ចេកទេសនៅតែត្រូវយកចិត្តទុកដាក់ ដើម្បីធានាថាកម្លាំងពលកម្មមានសមត្ថភាពពិតប្រាកដក្នុងការបំពេញការងារ។ ក្នុងន័យនេះ កម្មវិធីបណ្តុះបណ្តាលផ្អែកលើការងារ (Work-Based Learning) និងកម្មវិធីរៀនផង ធ្វើការផង (Earn and Learn) ត្រូវបានចាត់ទុកថាជាយន្តការដ៏មានសារៈសំខាន់ក្នុងការភ្ជាប់ការសិក្សាទ្រឹស្តីទៅនឹងបទពិសោធការងារជាក់ស្តែង។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអនុវត្តកម្មវិធីទាំងនេះទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីវិស័យឯកជន ដែលជាអ្នកប្រើប្រាស់កម្លាំងពលកម្ម និងយល់ច្បាស់ពីតម្រូវការជំនាញ ព្រមទាំងកម្រិតសមត្ថភាពដែលខ្លួនត្រូវការ។ តាមរយៈយន្តការនេះ សិស្សអាចទទួលបានចំណេះដឹងនៅគ្រឹះស្ថានបណ្តុះបណ្តាលផង និងបទពិសោធការងារផ្ទាល់នៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រផង ដែលនឹងជួយកាត់បន្ថយគម្លាតជំនាញ និងបង្កើនឱកាសទទួលបានការងារធ្វើកាន់តែច្រើន ក្រោយបញ្ចប់ការសិក្សា៕









