លោក ឆាយ ឫទ្ធិសែន អញ្ជើញចុះត្រួតពិនិត្យគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ២ខ្សែ និងស្ពានបេតុងចំនួន ១ទីតាំង នៅក្នុងខេត្តកំពត
11-11-2026 17:59
(កំពត)៖ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយថ្នាក់ដឹកនាំ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ព្រមទាំងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ២ខ្សែ និងស្ពានបេតុងចំនួន ១ទីតាំង នៅក្នុងខេត្តកំពត ដូចខាងក្រោម៖
ទីតាំងទី១៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ១,០០គ.ម. ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន រួមមាន លូប្រអប់មុខបីចំនួន ១កន្លែង, លូមូលមុខពីរចំនួន ១កន្លែង និងលូមូលមុខមួយចំនួន ២កន្លែង។
ផ្លូវនេះ ត្រូវបានអនុវត្តការសាងសង់ ដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២៥ បានដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល។
ទីតាំងទី២៖ ខ្សែផ្លូវល្បាយក្រួស មានប្រវែង ១,០០គ.ម. ស្ថិតនៅក្នុងភូមិតេជោអភិវឌ្ឍន៍ ដោយឆ្លងកាត់ មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី - ហ៊ុន សែន កោះស្លា, មណ្ឌលសុខភាព ១កន្លែង, សាលាបឋមសិក្សា ១កន្លែង, សាលាអនុវិទ្យាល័យ ១កន្លែង, សាលាវិទ្យាល័យ ១កន្លែង, វត្ត ១កន្លែង សរុបអ្នកទទួលផលដោយផ្ទាល់ចំនួន ២ ១៨៤គ្រួសារ ស្មើនឹង ៨ ០៧០នាក់។
ផ្លូវទាំងពីរខ្សែខាងលើនេះ ស្ថិតក្នុងតំបន់ដីសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារ ស្ថិតក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក មានផ្ទៃដីទំហំ ១ ២៨៨ហិកតា បែងចែកជា ០៣ភូមិ គឺភូមិតេជោអភិវឌ្ឍន៍ ភូមិតេជោអន្លង់ក្មេងលេង និងភូមិតេជោក្បាលដំរី ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងក្នុងឆ្នាំ២០១១ ដើម្បីធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ សម្រាប់គោលដៅសម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ដែលចូលនិវត្តន៍មកពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។
ទីតាំងទី៣៖ អញ្ជើញពិនិត្យស្ពានដំរីផុង ជាស្ពានបេតុង ប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុង សងខាងក្បាលស្ពានប្រវែងសរុប ២០០ម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិកំពង់ចិន ឃុំស្ទឹងកែវ ទៅកាន់ភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ ដោយមានអ្នកទទួលផលសរុបចំនួន ២ ៨៨០គ្រួសារ ស្មើនឹង ១២ ២៥១នាក់។ ស្ពាននេះ ត្រូវបានអនុវត្តការសាងសង់ដោយនាយកដ្ឋានកងវិស្វកម្ម នៃក្រសួងការពារជាតិត្រូវ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ និងបានបញ្ចប់ការសាងសង់ ១០០% កាលពីខែតុលា កន្លងទៅនេះ ដោយប្រើប្រាស់ប្រភពថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
សូមជម្រាបជូនដែរថា ស្ពានដំរីផុងនេះ កាលពីមុនស្ពានឈើចាស់ទ្រុឌទ្រោម ហើយត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរឱ្យក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ជាស្ពានបេតុង។ បន្ទាប់ពីសាងសង់ស្ពានបេតុងនេះរួចរាល់ អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានេះ បានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយទុកលំបាករបស់ប្រជាពលរដ្ឋ៕

















