FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋលេខាធិការ ប៊ុន ច័ន្ទវណ្ណៈ ចុះវាយតម្លៃបញ្ចប់សុពលភាពការងារស្ថាបនាស្ពានបេតុង និងសំណង់សិល្បការ្យនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

11-11-2026 17:20

(កំពង់ធំ)៖ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ១៤៤ម៉ែត្រ, ទទឹង ៨ ម៉ែត្រ និងការស្ថាបនាសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិឈូកបឹង ឃុំឈូក ឆ្លងទៅភូមិបឹងខ្វែក ឃុំត្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ជុំវិញស្ពានបេតុងខាងលើនេះដែរលោករដ្ឋលេខាធិការ ប៊ុន ច័ន្ទវណ្ណៈ បានកោតសរសើរដល់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប (ក្រុមក) ដែលបានខិតខំប្រឹងប្រែងនៅលើការងារស្ថាបនា និងថែរក្សារហូតដល់បញ្ចប់សុពលភាព ដោយរក្សាគុណភាពស្ពាន រឹងមាំ សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចអ្នកធ្វើដំណើរឆ្លងកាត់បានយូរអង្វែង ដែលនេះគឺជាការចូលរួមលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ មានស្ពានល្អសម្រាប់ធ្វើដំណើរ សិស្សានុសិស្សទៅសាលារៀន ការទទួលបានសេវាសុខភាព ការរកស៊ីទទួលទាន និងការធ្វើអាជីវកម្មផ្សេងៗជាដើម ជាពិសេសការកាត់បន្ថយនូវឧបទ្ទវហេតុផ្សេងៗដូចជានៅក្នុងរដូវវស្សានេះជាដើម។

ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើ បានសម្តែងនូវការសប្បាយចិត្តឥតឧបមា ដែលបានស្ពានថ្មីជាចំណងដៃមិនអាចកាត់ថ្លៃបាន និងថ្លែងនូវការដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតាមរយៈការអភិវឌ្ឍនេះ គឺជាការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជន ជាក់ស្តែងស្ពានខាងលើនេះ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងមូលដ្ឋានដូចជា៖ សម្រួលដល់ការធ្វើដំណើរ, ជួយដល់ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ស្ទឹងបានយ៉ាងងាយស្រួល សន្សំសំចៃពេលវេលា និងមានសុវត្ថិភាពខ្ពស់។

ការជំរុញសេដ្ឋកិច្ចមូលដ្ឋាន, ជួយឱ្យកសិករ និងអាជីវករអាចដឹកជញ្ជូនកសិផល ឬទំនិញទៅកាន់ទីផ្សារបានលឿន និងទាន់ពេលវេលា។ បង្កើនការទទួលបានសេវា អប់រំ និងសុខាភិបាល។ ពង្រឹងទំនាក់ទំនងសង្គម, បានផ្សារភ្ជាប់ទំនាក់ទំនងរវាងភូមិមួយទៅភូមិមួយ និងកិច្ចសហការក្នុងសហគមន៍ កាន់តែជិតស្និទ្ធ និងការអភិវឌ្ឍ, នៅពេលមានស្ពាន និងផ្លូវល្អ នៅពេលខាងមុខ តំបន់ពួកគាត់នឹងទទួលការអភិវឌ្ឍលើវិស័យផ្សេងៗ ជាមិនខាន៕