FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បិទបញ្ចប់យុទ្ធនាការ «កម្ពុជាទៅកាន់ពិភពលោក» ឆ្នាំ២០២៦ ដោយបើកទីផ្សារទេសចរណ៍ថ្មីជាមួយដៃគូរុស្ស៊ី

11-11-2026 16:50

(ភ្នំពេញ)៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATACC) បានរៀបចំកម្មវិធី Cambodia Travel Match (CTM) Mini-Series លើកទី៦ ដែលជាកម្មវិធីចុងក្រោយនៃយុទ្ធនាការផ្សព្វផ្សាយគោលដៅទេសចរណ៍ «កម្ពុជាទៅកាន់ពិភពលោក» ប្រចាំឆ្នាំ២០២៦។ បន្ទាប់ពីបានរៀបចំចំនួន៥លើក ចាប់តាំងពីខែមីនាមក កម្មវិធីលើកចុងក្រោយនេះបានផ្តោតលើទីផ្សាររុស្ស៊ី និងអ្នកធ្វើដំណើរដែលប្រើប្រាស់ភាសារុស្ស៊ី ដោយរួមបញ្ចូលការធ្វើដំណើរទស្សនកិច្ចស្វែងយល់ពីគោលដៅទេសចរណ៍ ជាមួយនឹងការពិភាក្សាអាជីវកម្ម និងការរៀបចំផែនការអនុវត្តជាក់ស្តែង។

យោងតាមបញ្ជីអ្នកទិញ (Buyers) ដែលបានចូលរួម មានក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ចេញក្រៅប្រទេសចំនួន៥។ ព័ត៌មានអំពីទីតាំងការិយាល័យដែលអាចផ្ទៀងផ្ទាត់បាន បង្ហាញថាដៃគូទាំងនេះមានបណ្តាញអាជីវកម្មនៅទីក្រុងមូស្គូ (Moscow) វ្ល៉ាឌីវ៉ូស្តុក (Vladivostok) និងណាខូតកា (Nakhodka) ព្រមទាំងទីក្រុងផ្សេងៗទៀតនៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី។ ទីតាំងទាំងនេះសំដៅលើបណ្តាញការិយាល័យអាជីវកម្មរបស់ក្រុមហ៊ុន មិនមែនជាការបញ្ជាក់ថាអ្នកតំណាងគ្រប់រូបបានធ្វើដំណើរចេញពីទីក្រុងទាំងនោះទេ។

កម្មវិធីនៅរាជធានីភ្នំពេញបានផ្តល់ឱកាសឱ្យអ្នកលក់ផលិតផលទេសចរណ៍កម្ពុជាធ្វើបទបង្ហាញ និងជួបពិភាក្សាដោយផ្ទាល់ជាមួយអ្នកទិញដែលបានអញ្ជើញចូលរួម (Hosted Buyers)។ វេទិកាពិភាក្សាតុមូលរវាងអ្នកទិញ អ្នកលក់ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ បានផ្តោតលើការត្រៀមខ្លួនរបស់ផលិតផលទេសចរណ៍ ការតភ្ជាប់ជើងហោះហើរ ស្តង់ដារសណ្ឋាគារ ដែលតម្លៃសមស្របនឹងគុណភាពសេវាកម្ម និងការធ្វើទីផ្សារគោលដៅទេសចរណ៍ទៅកាន់ទីផ្សាររុស្ស៊ី។ ការពិភាក្សាបានផ្តោតលើចំណុចសំខាន់ថា តើត្រូវមានកត្តាអ្វីខ្លះ ដើម្បីឱ្យប្រតិបត្តិករទេសចរណ៍រុស្ស៊ីអាចលក់កញ្ចប់ទេសចរណ៍កម្ពុជាបានប្រកបដោយទំនុកចិត្ត និងមាននិរន្តរភាព។

លទ្ធផលសំខាន់មួយនៃកម្មវិធី គឺការចុះអនុស្សរណៈនៃការយោគយល់ (MOU) រវាង PATACC និងដៃគូប្រតិបត្តិករទេសចរណ៍រុស្ស៊ីទាំង៥ក្រុមហ៊ុន ដើម្បីសហការអភិវឌ្ឍ និងផ្សព្វផ្សាយកញ្ចប់ទេសចរណ៍រយៈពេលវែងចំនួន៣ រួមមាន៖ ៧យប់ ៨ថ្ងៃ, ១១យប់ ១២ថ្ងៃ និង១៤យប់ ១៥ថ្ងៃ។
កម្មវិធីដំណើរទេសចរណ៍ទាំងនេះគ្រោងនឹងតភ្ជាប់បទពិសោធន៍ទស្សនាបេតិកភណ្ឌអង្គរនៅខេត្តសៀមរាប ជាមួយនឹងតំបន់វប្បធម៌ និងទីក្រុងនៅរាជធានីភ្នំពេញ ព្រមទាំងតំបន់ឆ្នេរ និងកោះនានារបស់កម្ពុជា ដើម្បីលើកទឹកចិត្តឱ្យភ្ញៀវទេសចរស្នាក់នៅរយៈពេលយូរ និងស្វែងយល់ពីគោលដៅទេសចរណ៍កាន់តែច្រើន។

ដៃគូរុស្ស៊ីទាំង៥ក្រុមហ៊ុនបានបង្ហាញការប្តេជ្ញាចិត្តក្នុងការចាប់ផ្តើមផ្សព្វផ្សាយ និងដាក់លក់កញ្ចប់ទេសចរណ៍កម្ពុជាតាមរយៈជើងហោះហើរតភ្ជាប់ដែលមានស្រាប់ ឆ្លងកាត់ប្រទេសចិន និងមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិផ្សេងៗ ដោយមិនចាំបាច់រង់ចាំជើងហោះហើរឈ្មួលពិសេសដោយផ្ទាល់ឡើយ។
ទន្ទឹមនឹងនេះវេទិកាពិភាក្សាក៏បានលើកយកលទ្ធភាពរៀបចំជើងហោះហើរឈ្មួលពិសេសលើកដំបូងនៅដើមខែធ្នូ ឆ្នាំ២០២៦ មកពិចារណាផងដែរ។
ទោះជាយ៉ាងណា នូវមិនទាន់មានការបញ្ជាក់អំពីជើងហោះហើរ ឬកាលវិភាគជាផ្លូវការនៅឡើយទេ។ ការសម្រេចចិត្តនាពេលខាងមុខនឹងអាស្រ័យលើតម្រូវការទីផ្សារ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយក្រុមហ៊ុនអាកាសចរណ៍ ការត្រៀមលក្ខណៈប្រតិបត្តិការ និងការអនុម័តតាមបទប្បញ្ញត្តិពាក់ព័ន្ធ។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATACC) បានថ្លែងថា «សម្រាប់យើង ការធ្វើទីផ្សារគោលដៅទេសចរណ៍ មិនគួរបញ្ចប់ត្រឹមការនាំដៃគូមកទស្សនាកម្ពុជានោះទេ។ ការងារនេះត្រូវបន្តទៅដល់ការរៀបចំផលិតផលទេសចរណ៍ឱ្យបានល្អ ការកំណត់តម្លៃដែលអាចប្រកួតប្រជែងបាន និងការដាក់លក់ជាក់ស្តែង។ ដៃគូរបស់យើងអាចចាប់ផ្តើមលក់តាមជើងហោះហើរតភ្ជាប់ដែលមានស្រាប់នៅពេលនេះ ខណៈយើងបន្តសហការគ្នាសិក្សា និងបង្កើតលទ្ធភាពសម្រាប់ជើងហោះហើរឈ្មួលពិសេសនាពេលអនាគត»។

ជំហានបន្ទាប់ PATACC នឹងសម្របសម្រួលការងារជាមួយក្រុមហ៊ុនគ្រប់គ្រងគោលដៅទេសចរណ៍ (DMCs) នៅកម្ពុជា សណ្ឋាគារ អ្នកផ្តល់សេវាដឹកជញ្ជូន និងដៃគូរុស្ស៊ី ដើម្បីបញ្ចប់កម្មវិធីដំណើរទេសចរណ៍ តារាងតម្លៃ សម្ភារៈផ្សព្វផ្សាយជាភាសារុស្ស៊ី និងព័ត៌មានទំនាក់ទំនងសម្រាប់ការកក់។ ភាគីពាក់ព័ន្ធនឹងបន្តតាមដានការសាកសួរ សកម្មភាពផ្សព្វផ្សាយ និងការកក់ជាក់ស្តែង ដើម្បីវាយតម្លៃលទ្ធផលអាជីវកម្មដែលកើតចេញពីកម្មវិធីនេះ។

ការបិទបញ្ចប់ CTM ឆ្នាំ២០២៦ គឺជាការចាប់ផ្តើមដំណាក់កាលថ្មីមួយ ក្នុងការប្រែក្លាយឱកាសចូលទៅកាន់ទីផ្សារអន្តរជាតិ ឱ្យទៅជាទំនាក់ទំនងអាជីវកម្មដែលមាននិរន្តរភាព។
PATACC បន្តលើកទឹកចិត្តឱ្យធុរកិច្ចទេសចរណ៍កម្ពុជាចូលរួមយ៉ាងសកម្មក្នុងការផ្សារភ្ជាប់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីឱ្យយុទ្ធនាការ «កម្ពុជាទៅកាន់ពិភពលោក» បង្កើតបាននូវឱកាស និងផលប្រយោជន៍ជាក់ស្តែងសម្រាប់ក្រុមហ៊ុនក្នុងស្រុក បុគ្គលិកក្នុងវិស័យទេសចរណ៍ និងសហគមន៍មូលដ្ឋាន៕