អាជ្ញាធរចុះផ្សព្វផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ស្ដីពីការទប់ស្កាត់ និងការបញ្ឈប់សកម្មភាពធ្វើអាជីវកម្មរ៉ែខុសច្បាប់ នៅតំបន់ភ្នំជី ស្រុកសណ្ដាន់
11-11-2026 16:42
(កំពង់ធំ)៖ លោក ណឹម ចាន់ថា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ, លោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ និងលោក ទី ថាវី អភិបាលរងស្រុកសណ្ដាន់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ស្ដីពីការទប់ស្កាត់ និងបញ្ឈប់សកម្មភាពធ្វើអាជីវកម្មរ៉ែខុសច្បាប់ នៅតំបន់ភ្នំជី ឃុំសុចិត្រ ស្រុកសណ្ដាន់។
លោក ណឹម ចាន់ថា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានបញ្ជាក់ថា ផ្សព្វផ្សាយតាមខ្លឹមសារសំខាន់ៗ នៃសេចក្តីជូនដំណឹង ដែលបានផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ រួមមាន៖
១៖ ត្រូវបញ្ឈប់ធ្វើសកម្មភាពការរុករក និងការធ្វើអាជីវកម្មរ៉ែខុសច្បាប់
២៖ ត្រូវបញ្ឈប់រាល់ការចាក់រំសេវជាតិផ្ទុះ និងសារធាតុគីមីផ្សេងៗ ដែលខុសច្បាប់
៣៖ ត្រូវបញ្ឈប់ជាបន្ទាន់ការចូលទន្ទ្រានកាន់កាប់ដីខុសច្បាប់ ការឆ្ការ ការទិញ-លក់ដីព្រៃខុសច្បាប់ ដែលស្ថិតនៅលើដែនអាជ្ញាបណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែ និងអាជ្ញាបណ្ណស្វែងរុករករ៉ែ ដែលរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិជូនក្រុមហ៊ុនរួចហើយ
៤៖ ផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ
៥៖ ផ្សព្វផ្សាយក្រមបរិស្ថាន និងធនធានធម្មជាតិ។
ជាមួយគ្នានេះ អង្គភាពបីស្ថាប័នស្នើដល់ប្រជាពលរដ្ឋ ចូលរួមគោរពទៅតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ដែលបានផ្សព្វផ្សាយ៕










