Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»

11-11-2026 16:35

(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីថ្លែងការណ៍មួយ បកអាក្រាតនយោបាយទុច្ចរិតរបស់បុគ្គល សម រង្ស៊ី ដែលចង់ប្រើប្រាស់ រូបភាពចាប់ដៃធ្វើជាឧបករណ៍ នយោបាយ។ ហេតុការណ៍ដែលឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក ជុំ សុន្ទរី មិនចាប់ដៃ ជនក្បត់ជាតិ សម រង្ស៊ី នៅវត្តខ្មែរសាមគ្គី ខេត្តកាណាហ្គាវ៉ា ក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ គឺជាកាយវិការប្រុងប្រយ័ត្នការទូតមួយ ដែលមិនអាចឱ្យក្រុមជ្រុលនិយមប្រើប្រាស់រូបភាពនោះ ក្នុងការបកស្រាយយកចំណេញនយោបាយឡើយ។

Fresh Exclusive មានអត្ថបទអត្ថាធិប្បាយមួយជុំវិញបញ្ហានេះ៖

នៅក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងឈរយ៉ាងមុតមាំលើឆាកអន្តរជាតិ ត្រៀមខ្លួនជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ផងនោះ រាល់សកម្មភាពរបស់អ្នកនយោបាយ មិនថាជាការទូត ឬជាបុគ្គលឯកជនឡើយ គឺសុទ្ធតែស្ថិតក្រោមភ្នែកមើលយ៉ាងស្រួចស្រាវរបស់មហាជន។

ហេតុការណ៍មិនចាប់ដៃគ្នារវាងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក ជុំ សុន្ទរី និងលោក សម រង្ស៊ី នៅវត្តខ្មែរសាមគ្គី ខេត្តកាណាហ្គាវ៉ា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ មិនមែនជាទង្វើចៃដន្យឡើយ ប៉ុន្តែវាគឺជាសញ្ញាអាសន្នមួយបង្ហាញពីភាពអត់ធ្មត់ និងការប្រុងប្រយ័ត្នខ្ពស់របស់អ្នកការទូតខ្មែរ ចំពោះបុគ្គលដែលប្រវត្តិសាស្ត្រនិងសង្គមជាតិបានវាយតម្លៃរួចជាស្រេចថា ជាអ្នកតែងតែបង្កផលវិបាកដល់ផលប្រយោជន៍ជាតិ។

តើការរក្សាជំហរមិនចាប់ដៃជាមួយបុគ្គលដែលរងការចោទប្រកាន់ថាធ្វើឱ្យខូចផលប្រយោជន៍ជាតិ ជាទង្វើស័ក្តិសមដែរឬទេ? ចម្លើយគឺ៖ នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ស្ដែងចេញពីស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពារកិត្តិយស និងបូរណភាពរបស់ស្ថាប័នជាតិ។

*ការពារស្ថាប័នរដ្ឋ ពីអន្ទាក់នយោបាយជ្រុលនិយម
កាយវិការរបស់លោកឯកអគ្គរាជទូត ជុំ សុន្ទរី ក្នុងការសម្រេចចិត្តមិនចាប់ដៃតបជាមួយលោក សម រង្ស៊ី គឺការឆ្លើយតបយ៉ាងវាងវៃទៅនឹងហានិភ័យនយោបាយ។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់យ៉ាងច្បាស់រួចហើយថា គេមានការប្រុងប្រយ័ត្នចំពោះស្ថានភាពផ្លូវច្បាប់ នយោបាយ និងល្បិចកលដែលក្រុមអ្នកតាមដានរបស់លោក សម រង្ស៊ី ត្រៀមខ្លួនរួចជាស្រេចក្នុងការថតរូប ដើម្បីបំប៉ោងនិងយកទៅបកស្រាយបំផ្លើសថាជា «ការទទួលស្គាល់ផ្នែកនយោបាយ»។

មេដឹកនាំក្រុមក្រៅច្បាប់រូបនេះ តែងតែឆ្លៀតឱកាសគ្រប់បែបយ៉ាងដើម្បីបង្កើតរូបភាពស្និទ្ធស្នាល ឬបង្កើតភស្តុតាងក្លែងក្លាយសម្រាប់បម្រើឱ្យផលប្រយោជន៍នយោបាយខ្លួនឯង ដោយមិនខ្វល់ថា ទង្វើទាំងនោះនឹងនាំមកនូវការយល់ច្រឡំដល់មតិជាតិ និងអន្តរជាតិយ៉ាងណានោះឡើយ។ ដូច្នេះ ការរក្សារបាំងការទូត និងការមិនផ្តល់តម្លៃតាមរយៈកាយវិការគួរសមបែបក្លែងក្លាយ គឺជាមធ្យោបាយដ៏ប្រសើរក្នុងការទប់ស្កាត់មិនឱ្យបុគ្គលមានទោសទណ្ឌរូបនេះ យកស្ថាប័នតំណាងជាតិ ទៅជាន់ឈ្លីដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

*ឧបាយកលទុច្ចរិត៖ ការអំពាវនាវឱ្យបរទេសដាក់សម្ពាធលើកម្ពុជា
អ្វីដែលកាន់តែអាក្រក់ និងមិនអាចអត់ឱនបាននោះគឺ សកម្មភាពរបស់លោក សម រង្ស៊ី មិនមែនត្រឹមតែជាការរិះគន់ធម្មតានោះទេ ប៉ុន្តែជាការប្រព្រឹត្តអំពើក្បត់ផលប្រយោជន៍ជាតិយ៉ាងច្បាស់ក្រឡែត។ ការដែលលោក សម រង្ស៊ី បានចេញមុខអំពាវនាវឱ្យប្រធានាធិបតីបារាំង លោក
Emmanuel Macron កាត់បន្ថយកម្រិតទស្សនកិច្ច ឬកាត់បន្ថយការចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅរាជធានីភ្នំពេញ ក្រោមហេតុផលសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺជាការយកកលល្បិចនយោបាយថោកទាប មកបំផ្លាញមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិ។
បារាំងមានទំនាក់ទំនងប្រវត្តិសាស្ត្រពិសេសជាមួយឯកសារព្រំដែនកម្ពុជា–ថៃ តាមរយៈសន្ធិសញ្ញាបារាំង–សៀមឆ្នាំ១៩០៤ និង១៩០៧ និងផែនទីពាក់ព័ន្ធ។

ជាងនេះទៅទៀត កម្ពុជាបានស្នើឱ្យបារាំងផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសសម្រាប់ជួយដោះស្រាយវិវាទព្រំដែន។

ដូច្នេះ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Macron មានសារៈសំខាន់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី និងឱកាសពិភាក្សាអំពីបញ្ហាដែលកម្ពុជាកំពុងប្រឈម។

ទង្វើចង់រារាំងដំណើរទស្សនកិច្ចប្រធានាធិបតីបារាំងនេះ បង្ហាញឱ្យឃើញច្បាស់ថា បុគ្គល ក្បត់ជាតិរូបនេះ មិនដែលចង់ឃើញកម្ពុជារីកចម្រើន ឬទទួលបានកិត្តិនាមល្បីរន្ទឺនោះឡើយ។ ការព្យាយាមរារាំងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងបារាំង—ដែលជាប្រទេសមានទំនាក់ទំនងប្រវត្តិសាស្ត្រយូរលង់ និងកាន់ឯកសារផែនទីដ៏មានតម្លៃសម្រាប់ដោះស្រាយវិវាទព្រំដែន—គឺជាភស្តុតាងស្រាប់ថា លោក សម រង្ស៊ី ត្រៀមខ្លួនជានិច្ចក្នុងការលក់ឧត្តមភាពជាតិដើម្បីតែអំណាចផ្ទាល់ខ្លួន។

*ការទូត ការពារជាតិ និងការប្តេជ្ញាចិត្តចំពោះអធិបតេយ្យភាព
នៅក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខតាមព្រំដែន និងការការពារបូរណភាពទឹកដី ជនជាតិខ្មែរគ្រប់រូប ជាពិសេសអ្នកនយោបាយ គួរតែឈរនៅជួរមុខជាមួយរាជរដ្ឋាភិបាលក្នុងការការពារផលប្រយោជន៍ជាតិ។ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយម តែងតែដើរផ្ទុយស្រឡះ ដោយសម្ងំសហការ ឬបង្កើតលេសឱ្យបរទេសវាយប្រហារប្រទេសខ្លួនឯង។

ការដែលនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានចោទសួរជាសាធារណៈអំពីការមិនព្រមស្នើឱ្យសារព័ត៌មានបរទេសកែតម្រូវព័ត៌មានអកុសលដែលពាក់ព័ន្ធនឹងឈ្មោះលោក សម រង្ស៊ី គឺបានបញ្ជាក់យ៉ាងច្បាស់ នូវភាពមិនស្មោះត្រង់របស់បុគ្គលនេះចំពោះជាតិមាតុភូមិ។ ការរិះគន់ក្នុងន័យស្ថាបនាដើម្បីជាតិ មិនមែនជាការបំផ្លាញជាតិទេ។ ប៉ុន្តែការប្រើប្រាស់វេទិកាអន្តរជាតិដើម្បីបំផ្លាញកិត្យានុភាពជាតិ និងអញ្ជើញបរទេសមកដាក់សម្ពាធលើប្រទេសខ្លួនឯង គឺជាទង្វើពុំអាចអត់ឱនបាន។

សេចក្តីសន្និដ្ឋាន
កាយវិការមិនចាប់ដៃរបស់ឯកអគ្គរាជទូត ជុំ សុន្ទរី ជាមួយបុគ្គលក្បត់ជាតិ សម រង្ស៊ី មិនមែនជារឿងតូចតាចដែលត្រូវយកមកជជែកដេញដោលក្នុងន័យវាយប្រហារមន្ត្រីការទូតនោះឡើយ។ វាគឺជាមេរៀនដ៏មានតម្លៃនៃការស្គាល់ខុសត្រូវ និងការការពារឧត្តមភាពជាតិពីសំណាក់អ្នកតំណាងរដ្ឋ។
ផលប្រយោជន៍ជាតិ និងកិត្តិយសរបស់ប្រទេសខ្មែរ មិនអាចយកមកប្រើប្រាស់ក្នុងការផ្ដល់តម្លៃឱ្យបុគ្គលដែលបម្រើផលប្រយោជន៍បរទេស និងព្យាយាមបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ជាតិឡើយ។ ការការពារជាតិ ទាមទារនូវការសហការ ការរក្សាជំហររឹងមាំ និងការកាត់ផ្តាច់រាល់ទំនាក់ទំនងទាំងឡាយណាដែលអាចក្លាយជា «ល្បែងនយោបាយ» បង្កគ្រោះថ្នាក់ដល់ដង្ហើមរបស់ប្រទេសជាតិ៕