អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រគល់រង្វាន់ធំលើក២ ដើម្បីអបអរសាទរខួបគម្រប់១ឆ្នាំ នៃការដាក់ឱ្យដំណើរការ
11-11-2026 16:01
(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំពិធីប្រគល់រង្វាន់ ដល់អ្នកឈ្នះឆ្នោតផ្សងសំណាង ចំនួន៣៨រង្វាន់
ដែលទទួលបានឈ្មោះ ក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
ពិធីប្រគល់រង្វាន់លើកទី២នេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់យុទ្ធនាការ «ទិញទំនិញក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ មានឱកាសឈ្នះរង្វាន់ធំ» ដើម្បីអបអរសាទរខួបគម្រប់១ឆ្នាំ នៃការដាក់ឱ្យដំណើរការអាកាសយានដ្ឋាន។
ពិធីនេះ ប្រព្រឹត្តក្រោមអធិបតីភាព លោក Yee Con Long នាយកប្រតិបត្តិអាកាសយានដ្ឋានអន្តរជាតិតេជោ, លោកស្រី Lychin នាយិកាប្រតិបត្តិនៃគម្រោង ធី.អាយ.អេ. ស៊ីធី, លោកស្រី ប៉ាល់ ប៉ុណ្ណារី និងលោកស្រី ម៉ៃ សុខចាន់មរកត តំណាងនាយដ្ឋានពាណិជ្ជកម្ម នៃអាកាសយានដ្ឋានអន្តរជាតិតេជោ។
លោក Yee Con Long នាយកប្រតិបត្តិអាកាសយានដ្ឋានអន្តរជាតិតេជោ បានថ្លែងថា ការប្រគល់រង្វាន់ដល់ម្ចាស់ឆ្នោតផ្សងសំណាងលើកទី២ មានគោលបំណងលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អ្នកដំណើរ ព្រមទាំងភ្ញៀវទាំងអស់ដែលបានលេងកម្សាន្ត នៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងចូលរួមអបអរខួបគម្រប់១ឆ្នាំ នៃដំណើរការអាកាសយានដ្ឋាន។
នាឱកាសនេះដែរ លោកនាយកប្រតិបត្តិ បានបញ្ជាក់បន្ថែមថា នៅអាកាសយានដ្ឋានមានហាងទំនិញ ភោជនីដ្ឋាន ហាងលក់ភេជ្ជៈ ហាងលក់វត្ថុអនុស្សាវរីយ៍
និងសេវាកម្មបដិសណ្ឋារកិច្ចផ្សេងៗ ដែលងាយស្រួលក្នុងការជ្រើសរើស និងសម្បូរបែបសម្រាប់អ្នកដំណើរ មកកាន់អាកាសយានដ្ឋាន។
សូមជម្រាបថា រង្វាន់ធំប្រចាំឆ្នាំ ផ្ទះអាជីវកម្ម ធី.អាយ.អេ. ស៊ីធី (TIA City Shophouse) ១ខ្នង ត្រូវបានប្រគល់ជូន ដល់អតិថិជនឈ្មោះ រ៉ន លីណា (VON LINA) ដែលបានចំណាយប្រាក់ទិញទំនិញ ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ និងជាម្ចាស់ប័ណ្ណផ្សងសំណាង មានលេខសម្គាល់ NO.0000373។
ម្ចាស់ឆ្នោតផ្សងសំណាង ដែលទទួលរង្វាន់ខាងលើ បានចំណាយទឹកប្រាក់ ចាប់ពី៣០ដុល្លារអាមេរិកឡើងទៅ លើការទទួលទានអាហារនៅភោជនីយដ្ឋាន ទិញទំនិញតាមបណ្តាហាងនានា ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦៕






