FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បង្ក្រាបក្រុមចោរកាប់ប្លន់ម៉ូតូ និងគ្រឿងញៀន៥នាក់ បញ្ជូនទៅតុលាការ

11-11-2026 15:57

(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលបណ្ដឹងរបស់ឈ្មោះ ពន្លក នីតា ភេទស្រី អាយុ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្តីពីករណីចោរកាប់ប្លន់យកម៉ូតូ នៅចំណុចភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលបង្កដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណមានគ្នាចំនួន២នាក់ ជិះម៉ូតូ០១គ្រឿង។

ក្រុមជនល្មើស បានធ្វើសកម្មភាពយកកាំបិតខ្វែវបម្រុងកាប់ទៅលើជនរងគ្រោះឈ្មោះ គង់ រតនា (ណាង) ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវជាម្ដាយបង្កើតរបស់ឈ្មោះ ពន្លក នីតា ខណៈកំពុងជិះម៉ូតូចេញពីកន្លែងធ្វើការតែម្នាក់ឯង បណ្ដាលឱ្យដួលម៉ូតូ ហើយជនរងគ្រោះភ័យក៏បានរត់ចោលម៉ូតូ ទើបជនសង្ស័យយកម៉ូតូជិះទៅបាត់។

ក្រោយទទួលបានបណ្ដឹងខាងលើ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានផ្ដល់ព័ត៌មានដល់កម្លាំងមូលដ្ឋានក្រុង-ស្រុកទាំង០៩ ដើម្បីស្ទាក់គ្រប់ផ្លូវ ប៉ុន្តែរកមិនឃើញ។ រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ទើបកម្លាំងជំនាញស្រាវជ្រាវ ហើយកំណត់មុខសញ្ញាបាន ទើបសុំបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីពន្លាតដែនសមត្ថកិច្ចទៅសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន២នាក់។

ជនសង្ស័យទាំង២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ឡុង គឹមអាន អាយុ២២ឆ្នាំ
*ទី២៖ ឈ្មោះ វ៉េង សុជា អាយុ១៦ឆ្នាំ នៅចំណុចបន្ទប់ជួលយីហោ «ហេង សម្ភស្ស» ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង រួមទាំងចាប់យកវត្ថុតាងនៃបទល្មើសម៉ូតូរបស់ជនរងគ្រោះ ហើយនាំមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីសួរនាំ។

ក្រោយពីធ្វើការស្តាប់ចម្លើយជនសង្ស័យខាងលើ, ការិយាល័យជំនាញបានកំណត់មុខសញ្ញាជនសង្ស័យជាបក្ខពួកបន្ថែមទៀត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយផ្ទាល់លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង ១៧៖៣០នាទីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបក្ខពួកបាន ចំនួន៣នាក់បន្ថែមទៀត រួមមាន៖

*ទី១៖ ឈ្មោះ ឆន វិសាល អាយុ១៧ឆ្នាំ
*ទី២៖ ឈ្មោះ រ៉ាត់ រ៉ាសាន់ អាយុ១៧ឆ្នាំ
*ទី៣៖ ឈ្មោះ ផុន លីដា អាយុ១៧ឆ្នាំ។

ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញបានដកហូតម៉ូតូ២គ្រឿង, កាំបិតខ្វែវ១ដើម, ទូរសព្ទដៃម៉ាក IPHONE១គ្រឿង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីប្រគល់ឱ្យជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត រសៀលថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធី៕