យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បន្តផ្សព្វផ្សាយនៅខេត្តព្រៃវែង
11-11-2026 15:47
(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រៃវែង បានបន្តរៀបចំផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ រដ្ឋបាលស្រុក និងឃុំ ប្រមាណជាង ១,៥៤២ នាក់។
លោក ម៉ែន សាម៉ន បានថ្លែងថា យុទ្ធនាការនេះផ្តោតលើប្រធានបទ «ពង្រឹងអក្ខរកម្ម ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ដែលមានគោលបំណងសំខាន់ៗចំនួនបួន រួមមាន៖ លើកកម្ពស់ចំណេះដឹង ផ្នែកព័ត៌មានដល់សិស្សានុសិស្ស ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ បង្កើនការយល់ដឹងអំពីសិទ្ធិទទួលបានព័ត៌មានពិត និងសុវត្ថិភាពឌីជីថល ជំរុញការគិតវិភាគមុននឹងចែករំលែកព័ត៌មាន និងលើកកម្ពស់ការយល់ដឹងអំពី ផលវិបាក នៃព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងការប្រើប្រាស់បណ្តាញសង្គមយ៉ាងទូលំទូលាយ។
លោកបានសង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយអាចបង្កការភ័យខ្លាច ការភាន់ច្រឡំ ការបែកបាក់ និងប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស។ ក្រសួងព័ត៌មានរំពឹងថា យុវជនម្នាក់ៗនឹងក្លាយជាភ្នាក់ងារផ្តល់ និងចែករំលែកព័ត៌មានពិតប្រកបដោយការយល់ដឹង និងទំនួលខុសត្រូវខ្ពស់។ ដូច្នេះ សិស្សានុសិស្សទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងជឿ ឬចែករំលែកព័ត៌មានណាមួយ៕












