FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្រ្តី អៀង មូលី៖ «កង្វះខាតថវិកាទ្រទ្រង់អង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក្នុងការងារអេដស៍ បានធ្វើឱ្យសកម្មភាពបង្ការមានការថយចុះ»

11-11-2026 15:28

(ព្រះសីហនុ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា កង្វះខាតថវិកាទ្រទ្រង់អង្គការមិនមែន រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក្នុងការងារអេដស៍ បានធ្វើឱ្យសកម្មភាពបង្ការមានការថយចុះ។ បញ្ហាប្រឈមសំខាន់នាពេលបច្ចុប្បន្ន គឺយុវវ័យមិនទាន់ទទួលបានការយល់ដឹងទូលំទូលាយអំពីហានិភ័យ និងវិធីសាស្ត្រការពារ ដែលនាំឱ្យអត្រាឆ្លង មេរោគអេដស៍នៅតែមានកម្រិតខ្ពស់។ ម្យ៉ាងវិញទៀត ការកើនឡើងនៃក្រុមបុរសរកស៊ីផ្លូវភេទ ក៏ជាកត្តាជំរុញឱ្យមានការឆ្លងថ្មីគួរឱ្យព្រួយបារម្ភផងដែរ។ មេរៀនជាបទពិសោធន៍ដែលទទួលបាន ពីការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នឹងដើរតួយ៉ាងសំខាន់ក្នុងការសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ជាពិសេសគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលផ្តោតលើសុខភាព និងសុខុមាលភាព ព្រមទាំងគោលដៅស្តីពីសមភាពយេនឌ័រ ការកាត់បន្ថយវិសមភាព ភាពជាដៃគូសកល យុត្តិធម៌ សន្តិភាព និងសុខដុមនីយកម្មសង្គម។

ការថ្លែងបែបនេះរបស់ទេសរដ្ឋមន្រ្តី អៀង មូលី ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ដឹកនាំសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ។ សន្និបាតនេះរៀបចំឡើង ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅសកម្មភាពសម្រាប់ឆ្នាំ២០២៧ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ អញ្ជើញចូលរួមក្នុងសន្និបាតរួមមានលោក លោកស្រី ជាប្រធាន ឬតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ​​ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ព្រមទាំងប្រធាន ឬតំណាង លេខាធិ​ការ​ដ្ឋាន​​​ប្រយុទ្ធនឹ​​ង​​​​​ជំងឺអេដស៍​ រាជធានី-ខេត្ត អង្គការជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល ចំនួន​​២០០នាក់។

មានប្រសាសន៍បើកសន្និបាត លោកទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ​ចំពោះ លោក លោកស្រី ជាភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួម ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅសកម្មភាពសម្រាប់ឆ្នាំ២០២៧ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅពេលព្រឹកនេះបន្តទៀត។ លោកទេសរដ្ឋមន្រ្តីបានបន្តថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ យើងបានរួមគ្នាបំពេញភារកិច្ចយ៉ាងសកម្ម ដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងដំណាក់កាលដែលស្ថានភាពជំនួយ ពីក្រៅប្រទេសមានការធ្លាក់ចុះ។
បន្ថែមលើនេះ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ផ្អែកលើទិន្នន័យនៅត្រីមាសទី៣ ឆ្នាំ២០២៦ អ្នកផ្ទុកមេរោគអេដស៍ចំនួន ៥៦ ៥៩៨នាក់ (ស្មើនឹង ៧៧,០៣% នៃអ្នកផ្ទុកមេរោគអេដស៍សរុប ៧៣ ៤៤៩នាក់ ដែលកំពុងទទួលការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍) បានទទួលប័ណ្ណមូលនិធិសមធម៌សុខាភិបាល។

ទន្ទឹមនឹងនេះ ការបញ្ជ្រាបការយល់ដឹងអំពីមេរោគអេដស៍និងជំងឺអេដស៍ ត្រូវបានអនុវត្តនៅតាមក្រសួង ស្ថាប័ន និងរាជធានី ខេត្ត។ ដោយឡែកក្រសួង ស្ថាប័នមួយចំនួន និងគ្រប់រាជធានី ខេត្តទាំងអស់ បានរៀបចំបន្ថែមនូវការបញ្ជ្រាបការយល់ដឹង អំពីការមិនរើសអើងអ្នកផ្ទុកមេរោគអេដស៍ លើការយល់ដឹងអំពីមេរោគអេដស៍និងជំងឺអេដស៍ថែមទៀត។

លោកទេសរដ្ឋមន្រ្តីបានសង្កត់បញ្ជាក់ថា នៅឆ្នាំ២០២៥ សមាមាត្រនៃការឆ្លងថ្មីក្នុងចំណោមយុវវ័យអាយុពី ១៥ដល់ ២៤ឆ្នាំ មានកម្រិតរហូតដល់ ៤៤% នៃចំនួនអ្នកឆ្លងថ្មីសរុប ៩៦០នាក់។ ការផ្លាស់ប្តូរឥរិយាបថ និងការយល់ដឹងពីមេរោគអេដស៍ និងជំងឺអេដស៍ក្នុងចំណោមក្រុមប្រជាជនគន្លឹះនៅមានកម្រិតទាប រួមផ្សំជាមួយនឹងការធ្លាក់ចុះនៃការប្រើប្រាស់ស្រោមអនាម័យ បានធ្វើឱ្យយុវវ័យនៅតែប្រឈមមុខខ្ពស់ នឹងហានិភ័យនៃការឆ្លងមេរោគអេដស៍។

មុននឹងប្រកាសបើកសន្និបាត លោកទេសរដ្ឋមន្រ្តីបានបង្ហាញនូវជំនឿថា អង្គសន្និបាត នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដែលកើតចេញពីការអនុវត្តជាក់ស្តែងរបស់សមាជិក សមាជិកាទាំងអស់។ ចំណេះដឹងទាំងនេះនឹងអាចយកទៅប្រើប្រាស់ក្នុងការកែលម្អ និងអនុវត្តកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅតាមក្រសួង ស្ថាប័ន និងរាជធានី ខេត្តរៀងៗខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតផងដែរ៕