មូលនិធិក្តីស្រមៃកុមារ ចុះចែកសម្ភារៈសិក្សាដល់សិស្ស២៥០នាក់ នៅខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់ការអប់រំ
11-11-2026 15:24
(ត្បូងឃ្មុំ)៖ មូលនិធិក្តីស្រមៃកុមារ ដែលដឹកនាំដោយអ្នកគ្រូ អូមេហ្គា មកពីក្រុងភ្នំពេញ បានចុះចែកសម្ភារៈសិក្សាដល់កុមារា កុមារីចំនួន២៥០នាក់ នៅភូមិសុវណ្ណគមន៍ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្ភារៈសិក្សាទាំងនោះរួមមាន៖ កាតាប សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប ដែកខួង បន្ទាត់ និងខិតប័ណ្ណអប់រំ ដែលជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកទឹកចិត្តដល់ការសិក្សា របស់សិស្សានុសិស្ស។
ក្នុងឱកាសនោះ អ្នកគ្រូ អូមេហ្គា បានលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សខិតខំសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង ដែលជាឃ្លាំងទ្រព្យមិនចេះរីងស្ងួត សម្រាប់អនាគត ដើម្បីលើកកម្ពស់គ្រួសារ និងសង្គមជាតិ។ អ្នកគ្រូបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃធនធានមនុស្សដែលមានចំណេះដឹងខ្ពស់ ដើម្បីកសាងសង្គមមួយ ដែលគ្មានអំពើហិង្សា។
សូមជម្រាបថា មូលនិធិក្តីស្រមៃកុមារ គឺជាមូលនិធិមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះវិហារម្កុដជីវិត ដែលមានទីតាំងនៅរាជធានីភ្នំពេញ។
សម្រាប់គោលដៅបន្ទាប់ មូលនិធិក្តីស្រមៃកុមារ នឹងចុះទៅទីតាំងព្រះវិហារពន្លឺ នៃសេចក្តីស្រលាញ់ នៅក្នុងភូមិចាំយាម ខេត្ដកោះកុង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ និងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ មូលនិធិក្តីស្រមៃកុមារ នឹងចុះទៅទីតាំងព្រះវិហារ ព្រះយេស៊ូវគ្រីស្ទស្ទឹងត្រែង នៅក្នុងខេត្តស្ទឹងត្រែង៕









































