FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានផ្តល់ជូនពលរដ្ឋរងគ្រោះរាំងស្ងួត ចំនួន៧១គ្រួសារ នៅស្រុកចំការលើ

11-11-2026 15:12

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនិងថ្នាក់ដឹកនាំខេត្តជាច្រើនទៀត នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញសំណេះសំណាល និងនាំអំណោយស្បៀងអាហារ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះរាំងស្ងួត ចំនួន៧១គ្រួសារ នៅក្នុងបរិវេណវត្តរំចេកចាស់ ភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ។

ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំង៧១គ្រួសារ និងសូមចូលរួមរំលែកនូវទុក្ខលំបាករបស់បងប្អូន និងរួមចំណែកដោះស្រាយការលំបាករបស់បងប្អូនដែលទាំងនេះ គឺជាការគិតគូររបស់ថ្នាក់ដឹកនាំចំពោះបងប្អូន ប្រជាពលរដ្ឋយើង ដែលកំពុងមានបញ្ហា។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ចាប់តាំងពីខែកក្កដាមក នៅតំបន់នេះ គឺជួបប្រទះគ្រោះរាំងស្ងួត ប៉ុន្តែស្រុកមួយចំនួនបែជាជួបប្រទះគ្រោះទឹកជំនន់ទៅវិញ ពិសេសបណ្តាស្រុកតាមដងទន្លេមេគង្គ។ បញ្ហានេះគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឡើងផែនការណ៍ ក្នុងការត្រៀមបង្ការសង្គ្រោះ ដែលចែកជា ៣តំណាក់កាល នៃការដោះស្រាយ ដើម្បីទប់ស្កាត់ ទប់ទល់និងគ្រោះមហន្តរាយនេះ គឺទី១៖ ដំណាក់កាលកសាងផែនការ ព្យាករណ៍អំពីគោលដៅដែលងាយរងគ្រោះ, ទី២៖ ដំណាក់កាលអន្តរាគមន៍ នៅពេលដែលប្រជាពលរដ្ឋជួបក្រុមហន្តរាយ គឺត្រូវចុះមកពិនិត្យដោះស្រាយអំពីជីវភាព ដំណាក់កាល, ទី៣៖ ដំណាក់កាលស្ដារ ដូចជាការជួសជុលនូវសំណង់អាគារខូចខាត ប្រព័ន្ធផ្លូវគមនាគមន៍ជាដើម ដែលត្រូវជួសជុលឡើងវិញ និងការផ្ដល់នូវស្បៀងអាហារ ក៏ដូចជាពូជដំណាំ ពូជស្រូវ ដើម្បីឲ្យប្រជាពលរដ្ឋយើងដាំដុះនូវជុំទី២។

លោកបន្ដថា ថ្វីត្បិតតែជាដំណាក់កាលស្ដារ យើងមិនអាចផ្ដល់ជូននូវគ្រាប់ពូជបានទេ គឺដោយសារយើងអស់ទឹកធ្វើស្រែបង្កបង្កើតផងហើយ។ ដូច្នេះមានតែការផ្ដល់ស្បៀងអាហារនេះហើយ ដើម្បីឲ្យយកទៅប្រើប្រាស់ដោះទ័លមួយគ្រា ដែលយើងកំពុងជួបប្រទះនៅបញ្ហាជីវភាពប្រចាំថ្ងៃ បើទោះបីជាតិចតួចយ៉ាងណាក៏ដោយ ក៏អាចជួយបងប្អូនបានមួយផ្នែក ក្នុងការទប់ទល់ជីវភាពដែលយើងកំពុងជួបប្រទះបញ្ហានៃផលដំណាំរបស់បងប្អូន ដែលខូចខាត៕