FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនជាតិអាម៉េរិកម្នាក់​​​ សហស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ និងចំណាយពេលជាង ៣ទសវត្សរ៍ធ្វើការងារមនុស្សធម៌នៅកម្ពុជា ត្រូវព្រះមហាក្សត្រផ្តល់សញ្ជាតិខ្មែរ ដោយមានឈ្មោះថា «ម័រហ្គេន ករុណា»

11-11-2026 15:09

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យផ្តល់សញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មដល់ជនជាតិអាម៉េរិកម្នាក់ ឈ្មោះ ម័រហ្គេន ចនហ្វ្រែនស៊ីស (MORGAN JON FRANCIS) អតីតសហស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ និជាស្ថាបនិកអង្គការទន្លេគ្លីនិកកម្ពុជា ដោយមានឈ្មោះថា «ម័រហ្គេន ករុណា» (MORGAN KARUNA)។ បើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែវិច្ឆិកា​ឆ្នាំ២០២៦នេះ។

លោក ម័រហ្គេន ចនហ្វ្រែនស៊ីស ជនជាតិអាម៉េរិក សញ្ជាតិអាម៉េរិក កើតនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៥៣ នៅរដ្ឋរ៉ូដអាយលែន។ ការប្រោសព្រះរាជទានផ្ដល់សញ្ជាតិខ្មែរ បន្ទាប់ពីលោកបានចំណាយពេលជាង ៣ទសវត្សរ៍ មកធ្វើការងារមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា ដោយជួយលើផ្នែកសុខភាពសាធារណៈ តាមរយៈការពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃ ជូនប្រជាពលរដ្ឋរស់នៅផ្ទះបណ្ដែតទឹកលើផ្ទៃបឹងទន្លេសាប។

លោកបានមករស់នៅក្នុងខេត្តសៀមរាប អស់រយៈពេលជាង ៣០ឆ្នាំហើយ ចាប់តាំងពីឆ្នាំ១៩៩៤ ដែលគ្រាដំបូងមកតាមរយៈការបំពេញបេសកកម្មការងារ។

ក្រោយមកនៅឆ្នាំ១៩៩៨ លោកបានចូលរួមជួយបង្កើត «មន្ទីរពេទ្យកុមារអង្គរ» ដែលជាមន្ទីរពេទ្យកុមារជួយព្យាបាលដោយឥតគិតថ្លៃមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ នៅឆ្នាំ២០០៧ លោកបានបង្កើត «អង្គការទន្លេគ្លីនិកកម្ពុជា» ដែលផ្ដល់សេវាវេជ្ជសាស្ត្រអណ្តែតទឹកជូនប្រជាជនរស់នៅលើផ្ទៃបឹងទន្លេសាបដោយឥតបង់ប្រាក់។

បច្ចុប្បន្នលោក ម័រហ្គេន ករុណា មានអាយុ៧៣ឆ្នាំហើយ។ ដោយមានឧបនិស្ស័យ និងសេចក្ដីស្រលាញ់ ព្រមទាំងបេះដូងមនុស្សធម៌របស់លោកចំពោះប្រទេសកម្ពុជា លោកបានសម្រេចចិត្តមិនវិលត្រឡប់ទៅរស់នៅ ប្រទេសកំណើតវិញទេ ដោយសុខចិត្តផ្ញើឆ្អឹង និងរូបកាយនៅក្នុងទឹកកម្ពុជា៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖