FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុគ្គល សួន ចំរើន បន្លំខ្លួនជាអ្នកព័ត៌មានចុះទៅឡាយព័ត៌មានបងប្អូនអាជីវករលក់ដូរនៅមូលដ្ឋានខណ្ឌដូនពេញ, ក្រសួងព័ត៌មានបានលុបអាជ្ញាបណ្ណរបស់គាត់តាំងពីខែធ្នូ ឆ្នាំ២០២៥មកម្ល៉េះ

11-11-2026 14:42

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានបង្ហាញសេចក្តីសម្រេចដោយលុបចោលអាជ្ញាបណ្ណសារព័ត៌មានរបស់បុគ្គល សួន ចំរើន ជាម្ចាស់គេហទំព័រ www.chrtvonline.com តាំងពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥មកម្ល៉េះ បន្ទាប់ពីម្ចាស់អង្គភាពរូបនេះ បានបំពានច្បាប់ស្តីពីរបបសារព័ត៌មាន ព្រមទាំងអនុវត្តផ្ទុយពីកិច្ចសន្យាអាជីវកម្ម ដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

ក្រោយរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាបណ្ណរបស់ខ្លួននៅក្នុងអាជីពជាអ្នកសារព័ត៌មានហើយនោះ បុគ្គល សួន ចំរើន មិនស្តាប់តាមការណែនាំនោះឡើយ ពោលនៅបន្តប្រព្រឹត្តផ្ទុយ​ពី​ក្រម​សីលធម៌​វិជ្ជាជីវៈ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។

ជាក់ស្តែងបុគ្គលរូបនេះ បានបន្លំខ្លួនជាអ្នកសារព័ត៌មានដោយពាក់អាវអ្នកកាសែត ចុះទៅឡាយព័ត៌មានបងប្អូនអាជីវករលក់ដូរបន្តិចបន្តួចនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ដែលនាំឲ្យមានការវាយតម្លៃ និងការយល់ឃើញខុសការពិតពីការងារប្រចាំថ្ងៃរបស់អាជ្ញាធរ។

ក្រោយមានហេតុការណ៍នេះកើតឡើង រដ្ឋមន្ដ្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានជូនសារតាមបណ្តាញសង្គមថា ក្រសួងព័ត៌មាន​ សូមជម្រាបជូន​ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជនជ្រាបថា ឈ្មោះ សួន ចំរើន អតីតជាចាងហ្វាងគេហទំព័រ​ www.chrtvonline.com​ ត្រូវបាន​ក្រសួងព័ត៌មាន​លុបអាជ្ញាបណ្ណតាមប្រកាសលេខ ២៩៧ ប្រក.ពម. ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥​ ដោយម្ចាស់អង្គភាពបានបំពាន​ច្បាប់​ស្តីពីរបបសារព័ត៌មាន​ធ្ងន់ធ្ងរ ដោយអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន ដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបន្ថែមថា «ថ្មីៗនេះ បុគ្គលនេះបានបន្តលួចបន្លំធ្វើជាអ្នកសារព័ត៌មាន និងបានបង្កបញ្ហាដល់សង្គម។ ទង្វើ​​ និង​សកម្មភាព​របស់​អតីតអ្នក​សារព័ត៌មានរូបនេះ​ ឬក្រុមណាមួយ​ដែលយក​វិជ្ជាជីវៈសារព័ត៌មាន​ធ្វើជាអាជីវកម្ម​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ខ្លួនផ្ទុយ​ពី​ក្រម​សីលធម៌​វិជ្ជាជីវៈ និង​លិខិត​បទដ្ឋានគតិយុត្ត​នានា ​ត្រូវមានការទទួលខុសត្រូវ​ចំពោះមុខច្បាប់។ ប្រសិនបើមានករណីអ្នកបន្លំខ្លួនធ្វើជាអ្នកសារព័ត៌មាន សូមបងប្អូនប្រជាពលរដ្ឋជួយរាយការណ៍មកខ្ញុំផ្ទាល់ ឬមកក្រសួងព័ត៌មាន»៕