FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពត និងលោក ប៉ែន អ៊ៀតយៀន ជួបសួរសុខទុក្ខ និងសំណេះសំណាល ជាមួយអតីតយុទ្ធជន

11-11-2026 13:28

(កំពត)៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក ប៉ែន អ៊ៀតយៀន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយអតីតយុទ្ធជនក្នុងខេត្តកំពតចំនួន ១៣៨នាក់ មកពីក្រុងកំពត ក្រុងបូកគោ និងស្រុកទឹកឈូ។

ក្នុងជំនួបសួរសុខទុក្ខនោះ លោក ម៉ៅ ធនិន បានលើកបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូរ​ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អតីតយុទ្ធជន ក៏ដូចជាក្រុមគ្រួសារ​អតីត​យុទ្ធជន ដែលសុទ្ធសឹងជាអ្នកមានគុណបំណាច់ធំធេងសម្រាប់ជាតិមាតុភូមិ ពីសំណាក់រដ្ឋបាល ខេត្ត និងសមាគមអតីតយុទ្ធជន និងនិវត្តជនរបស់ខេត្ត។ ក្រៅពីការផ្តល់ប្រាសក់សោធន​ប្រចាំ​ខែ ផ្តល់​បណ្ណបេឡាជាតិរបបសន្តិសុខសង្គមពីសំណាក់រាជរដ្ឋាភិបាលដើម្បីទទួល​សេវា​សុខា​ភិ​បាលមិនអស់ប្រាក់ហើយនោះ ក្រុមការងារសមាគមតែងតែចុះសួរសុខទុក្ខតាមខ្នងផ្ទះ និងចូល​រួមក្នុងកម្មវិធីនានារបស់ក្រុមគ្រួសារអតីតយុទ្ធជនពេលមានទុក្ខលំបាក ដូចជាមរណៈជាដើម។

ក្នុងឱកាសនោះ លោក ប៉ែន អ៊ៀតយៀន បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើ និងក្តីនឹករលឹករបស់​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និង​និវត្ត​ជនកម្ពុជា។ លោកបន្តថា សម្តេចតេជោ ហ៊ុន សែន តែងនឹករលឹកជានិច្ចចំពោះអតីតយុទ្ធជន ដែលសុទ្ធសឹងជាអ្នកបានប្រកៀកស្មា រួមសុខទុក្ខជាមួយសម្តេចក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ជាពិសេសប្រយុទ្ធការពារមិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។

ក្រៅពីនាំយកនូវប្រសាសន៍សួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចតេជោ​ហើយនោះ លោក ប៉ែន អ៊ៀតយៀន បានបង្ហាញពីការដឹងគុណចំពោះអតីតយុទ្ធជនទាំងអស់។ លោកលើកឡើងថា «គុណបំណាច់ និងការលះបង់របស់អតីតយុទ្ធជន និង យុវនីតិសប្បទា គឺជាគំរូដ៏មានតម្លៃ​សម្រាប់​កូនចៅជំនាន់ក្រោយ»។

លោកបន្ថែមថា ការលះបង់របស់វីរយុទ្ធជនយើង គឺជាគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍរហូតដល់​សព្វថ្ងៃ។

ក្នុងកិច្ចសំណេះសំណាលនោះ ក៏មាននាំយកយកនូវអំណោយមួយចំនួនជូនដល់អតីតយុទ្ធជនដែលបានចូលរួម រួមមាន៖ ថវិកា ៥ម៉ឺនរៀល ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខកំប៉ុង មីមួយកេស អង្ករ និងសារ៉ុង៕