FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

«សូមបងប្អូនអតីតពលករនៅក្នុងខេត្តបាត់ដំបងចូលរួមធ្វើតេស្តដោយឥតគិតថ្លៃ»! វិទ្យាស្ថាន NVIB របស់ក្រសួងការងារ បើកការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនដំណាក់កាលទី២ចំនួនជិត២ពាន់នាក់

11-11-2026 11:28

(បាត់ដំបង)៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (NVIB) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ជំហានទី២ដោយឥតគិតថ្លៃជិត២ពាន់កន្លែងជូនបងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃដើម្បីប្រែក្លាយបទពិសោធន៍ការងារឱ្យក្លាយជាវិញ្ញាបនបត្រ។

លោក ហេង ងួនហ៊ត នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (NVIB) បានគូសបញ្ជាក់ថា ការផ្តល់ការធ្វើតេស្តនេះ គឺជាសក្ខីកម្មបន្ថែមទៀតដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះបងប្អូនអតីតពលករមកពីប្រទេសថៃដើម្បីឱ្យបងប្អូនដែលមានបទពិសោធន៍រាប់ឆ្នាំនៅក្រៅប្រទេសទទួលបានការទទួលស្គាល់ដើម្បីបន្តកសាងជីវភាពនៅក្នុងស្រុកកំណើតវិញឱ្យកាន់តែមានភាពប្រសើរឡើងនិងមានឱកាស និងជម្រើសបន្ថែមក្នុងការចេញទៅធ្វើការនៅក្រៅប្រទេស ប្រកបរបរដោយខ្លួនឯង ឬមានប្រៀបក្នុងការស្វែងរកការងារក្នុងការដ្ឋានធំៗជាមួយប្រាក់បៀវត្សសមរម្យ។

លោកនាយកបានបញ្ជាក់ថា៖ «ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) គឺជាយន្តការដ៏មានសារៈសំខាន់សម្រាប់អតីតពលករ ព្រោះផ្ដល់ឱកាសឱ្យពួកគាត់អាចបញ្ជាក់ និងទទួលស្គាល់ចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបានពីការងារជាក់ស្ដែងកន្លងមក ទោះបីជាពួកគាត់មិនធ្លាប់បានសិក្សាក្នុងប្រព័ន្ធបណ្ដុះបណ្ដាលវិជ្ជាជីវៈជាផ្លូវការក៏ដោយ»។

ក្នុងជំហានទី២នេះ មជ្ឈមណ្ឌលធ្វើតេស្តរបស់វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានផ្តើមការធ្វើតេស្តកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ដោយបានទទួលស្គាល់ជំនាញ និងផ្តល់វិញ្ញាបនបត្រជូនបងប្អូនអតីតពលករមកពីថៃចំនួន១៦៨រូប។ នេះបើតាមការបញ្ជាក់ពីលោក ហេង ងួនហ៊តនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនអតីតពលករមកពីប្រទេសថៃ រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ បានផ្តល់ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដោយរាជរដ្ឋាភិបាលជាអ្នកធានាបង់ថ្លៃជំនួសដើម្បីឱ្យបងប្អូនមានជម្រើស និងភាពងាយស្រួលកាន់តែច្រើនក្នុងជីវិតការងារដែលប្រែក្លាយបទពិសោធន៍រាប់សិបឆ្នាំមកជាវិញ្ញាបនបត្រ។

គិតចាប់តាំងពីជំហានទី១រហូតមកដល់ពេលនេះ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានផ្តល់ការធ្វើតេស្តនិងទទួលស្គាល់ជំនាញដល់បងប្អូនអតីតពលករប្រមាណ១៥០០នាក់។
ជាមួយគ្នានេះ លោកនាយកវិទ្យាស្ថាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមកពីថៃដែលកំពុងស្នាក់នៅក្នុងខេត្តបាត់ដំបងនិងបណ្តាខេត្តជុំវិញ សូមទៅធ្វើតេស្តទទួលស្គាល់ជំនាញដោយឥតគិតថ្លៃគ្រប់ម៉ោងចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ៕