FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីន ដើម្បីរឹតចំណងមេត្រីភាពរវាងប្រទេសទាំងពីរ

11-11-2026 11:27

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក Senen T.Mangalile ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន (Republic of the Philippines) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

គួរជម្រាបថា ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន បាននិងកំពុងបង្ហាញនូវការរីកចម្រើនយ៉ាងឆាប់រហ័ស និងគួរឱ្យកត់សម្គាល់លើវិស័យជាច្រើន រួមមានសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការទូត និងទំនាក់ទំនងប្រជាជន-ប្រជាជន។

ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរបានរៀបចំវេទិកាផ្គូផ្គងធុរកិច្ចជាច្រើន ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ដូចជា អង្ករ ផលិតផលបសុសត្វ និងគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារហ្វីលីពីន។ ហ្វីលីពីនបានបង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ចំពោះផលិតផលកសិកម្មកម្ពុជា ដែលជាសញ្ញាវិជ្ជមានសម្រាប់ការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី។

ចំណែកឯវិស័យនយោបាយ និងការទូតវិញ មានការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាញឹកញាប់ ដែលបានរួមចំណែកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ។

កន្លងទៅ ហ្វីលីពីនក្នុងនាមជាប្រធានអាស៊ាន ក៏បានប្តេជ្ញាជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី និងជំរុញកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។

លើសពីនេះ ភាគីទាំងពីរក៏បានជំរុញការពង្រីកទំនាក់ទំនងប្រជាជន-ប្រជាជន និងកំពុងពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់ ដើម្បីជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន។ ការបន្តពង្រឹងទំនាក់ទំនងទាំងនេះ នឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ៕