FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល អំពាវនាវដល់អាណាព្យាបាលទាំងអស់ ដែលមានកូនស្រីចាប់ពី ៩ឆ្នាំ រហូតដល់ ១៤ឆ្នាំ ដែលមិនទាន់ទទួលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនពីមុន អញ្ជើញមកទទួលចាប់ពីពេលនេះដោយឥតគិតថ្លៃ

10-11-2026 22:50

(ភ្នំពេញ)៖ លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ និងមាតាបិតា អាណាព្យាបាលទាំងអស់ ដែលមានកុមារីអាយុចាប់ពី ៩ឆ្នាំ រហូតដល់ ១៤ឆ្នាំនៅទូទាំងប្រទេស ដែលមិនទាន់ទទួលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនពីមុនមក សូមអញ្ជើញមកទទួលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនចាប់ពីពេលនេះដោយឥតគិតថ្លៃ។

លោកស្រីសាស្ត្រាចារ្យ បានយ៉ាងដូច្នេះក្នុងពិធីបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុពី ៩ឆាំ្ន ដល់ ១៤ឆ្នាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីលោកស្រី Julia Battle ប្រធានកម្មវិធីសុខភាព និងអាហារូបត្ថម្ភ តំណាងអង្គការ UNICEF ប្រចាំកម្ពុជា, លោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា, លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក អភិបាលរងនៃគណៈអភិបាល រាជធានី-ខេត្ត នាយកមន្ទីរពេទ្យជាតិ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ តំណាងដៃគូអភិវឌ្ឍន៍ មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ដែលកំពុងចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត ទូទាំងប្រទេស ព្រមទាំងមាតាបិតា អាណាព្យាបាល និងកុមារីផងដែរ។

លោកស្រីសាស្ដ្រាចារ្យបានថ្លែងបន្ដថា «តាមផែនការយុទ្ធសាស្ត្រ ៥ឆ្នាំរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ ក្រោមការជួយគាំទ្រថវិកាពីអង្គការ Gavi ព្រមទាំងមានការគាំទ្របច្ចេកទេសពីអង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វ និងអង្គការ
CHAI ក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក អនុវត្តនូវយុទ្ធនាការផ្ដល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនទូទាំងប្រទេស នៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ ទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅតាមសហគមន៍ និងតាមមណ្ឌលសុខភាពដោយឥតគិតថ្លៃ ដោយផ្តោតលើយុទ្ធសាស្ត្រសំខាន់ចំនួន២គឺ ទី១-ការអនុវត្ត៖ យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុពី ១៣ឆ្នាំ ដល់ ១៤ឆ្នាំ និងផ្ដល់ដល់កុមារីអាយុពី ១០ឆ្នាំ ដល់ ១២ឆ្នាំ ដែលមិនទាន់បានទទួលពីមុនមក និងទី២- ការបន្តផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនជាប្រចាំដល់កុមារីអាយុ ៩ឆ្នាំ នៅទូទាំងប្រទេស»។

«យុទ្ធនាការថ្នាក់ជាតិក្នុងឆ្នាំ២០២៦ នេះ នឹងត្រូវអនុវត្តចែកចេញជា ២ដំណាក់កាល គឺ៖ ដំណាក់កាលទី១ អនុវត្តចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងរាជធានី-ខេត្តចំនួន ១២ រួមមាន៖ រាជធានីភ្នំពេញ
ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី ព្រះសីហនុកោះកុង និងប៉ៃលិន និងដំណាក់កាលទី២ អនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៦ នៅក្នុងខេត្តចំនួន ១៣ ទៀត រួមមាន៖ បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កណ្តាល តាកែវ កំពង់ស្ពឺ កំពត កែប ព្រៃវែង ស្វាយរៀង រតនគិរី ក្រចេះ និងត្បូងឃ្មុំ។

សូមជម្រាបផងដែរថា ក្រសួងសុខាភិបាល បានដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការជាប្រចាំលើកដំបូងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានចាក់វ៉ាក់សាំងដល់កុមារីអាយុ ៩ឆ្នាំ បានរហូតដល់ ១៤៥,៧៤២នាក់ ស្មើនឹង ៩៩% នៃចំនួនកុមារីអាយុ ៩ឆ្នាំ នៅទូទាំងប្រទេស និងបានបន្តផ្តល់ជាប្រចាំនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ ព្រមទាំងបានសហការជាមួយអង្គការ Gavi ចុះផ្តល់ថ្នាំ
បង្ការដល់កុមារីមិនបានចូលរៀននៅតាមភូមិ សហគមន៍ និងកុមារីដែលខកខានមិនបានទទួលថ្នាំបង្ការនៅចុងឆ្នាំ២០២៥ ក្នុងស្រុកប្រតិបត្តិចំនួន៣២ នៃរាជធានី-ខេត្តចំនួន១៤ដែលបានជ្រើសរើស។

សមិទ្ធផលដ៏វិសេសវិសាលនេះគឺជាសក្ខីភាពដ៏រស់រវើកនៃការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានកំណត់យក «ការអភិវឌ្ឍមូលធនមនុស្ស» ជាអាទិភាពគន្លឹះទី១ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោល
នយោបាយអាទិភាពទី១ ឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) តាមរយៈការពង្រឹងការថែទាំសុខភាពបឋម និងការបង្ការជំងឺពីដើមទី ដោយធានាថាកុមារីគ្រប់រូបទទួលបាន
ការការពារប្រកបដោយសមធម៌ និងគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ៕