FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបជាមួយស្រ្តីម្នាក់ ក្រោយបង្ហោះសម្តែងការហួសចិត្តរឿងចាប់វាយខ្នោះអ្នកបើកឡានដឹកសិស្សសាលាប៊ែលធី បណ្តាលឲ្យក្រឡាប់ធ្លាក់ទឹកស្រះស្លាប់៥នាក់

10-11-2026 22:35

(កណ្តាល)៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបជាមួយស្រ្តីម្នាក់ ក្រោយបង្ហោះសម្តែងការហួសចិត្តរឿងចាប់វាយខ្នោះអ្នកបើកឡានដឹកសិស្សសាលាប៊ែលធី បណ្តាលឲ្យក្រឡាប់ធ្លាក់ទឹកស្រះស្លាប់៥នាក់ ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២៦។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកឈ្មោះ «AH JingJing» បានបង្ហោះសាររិះគន់ពាក់ព័ន្ធនឹងការដាក់ខ្នោះអ្នកបើកបររថយន្តម្នាក់ ដែលពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយលើកឡើងថា អ្នកបើកបររូបនោះក៏ជាជនរងគ្រោះម្នាក់ដែរ ហើយថែមទាំងបានជួយសង្គ្រោះក្មេងៗដែលរងគ្រោះ ដោយមិនបានរត់គេចខ្លួននោះឡើយ។ ដូច្នេះ ការហៅទៅសួរនាំ និងការដាក់ខ្នោះដៃ គឺជារឿងមិនសមស្រប ហើយគួរតែហៅអ្នកបើកបរម៉ូតូមកសួរនាំផងដែរ។

ជុំវិញការលើកឡើងខាងលើ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបញ្ជាក់ថា ការអនុវត្តនីតិវិធីរបស់កម្លាំងសមត្ថកិច្ច គឺផ្អែកតាមច្បាប់ និងជំនាញវិជ្ជាជីវៈ ជាពិសេសពាក់ព័ន្ធនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូចមានចែងក្នុងមាត្រា៧២ និងមាត្រា៨៥ ស្តីពីការទទួលខុសត្រូវរបស់អ្នកបើកបរ និងករណីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់។

ចំពោះការដាក់ខ្នោះដៃ សមត្ថកិច្ចអនុវត្តទៅលើជនសង្ស័យ ដោយផ្អែកលើការវាយតម្លៃស្ថានភាពជាក់ស្តែង និងគោលការណ៍បច្ចេកទេស ដើម្បី៖

១. បង្ការហានិភ័យដែលអាចកើតមានជាយថាហេតុពីសំណាក់ជនសង្ស័យ។
២. ទប់ស្កាត់ការរត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងអំឡុងពេលសមត្ថកិច្ចកំពុងអនុវត្តប្រតិបត្តិការ។
៣. ការពារសុវត្ថិភាពជនសង្ស័យផ្ទាល់ និងទប់ស្កាត់សកម្មភាពដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ឬអ្នកដទៃ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបញ្ជាក់បន្ថែមថា ការដែលអ្នកបើកបរចុះជួយសង្គ្រោះជនរងគ្រោះ គឺជាទង្វើប្រកបដោយគុណធម៌ និងសុជីវធម៌ ដែលសង្គមគួរលើកទឹកចិត្ត។ ទោះជាយ៉ាងណា ការជួយសង្គ្រោះជនរងគ្រោះ និងការទទួលខុសត្រូវចំពោះបទល្មើសដែលអាចកើតមាន គឺជាបញ្ហាពីរផ្សេងគ្នា ហើយការអនុវត្តច្បាប់នៅតែត្រូវប្រព្រឹត្តទៅតាមនីតិវិធីជាធរមាន។

ជាមួយគ្នានេះ សមត្ថកិច្ចសូមបញ្ជាក់ថា អ្នកបើកបររថយន្តដែលពាក់ព័ន្ធនឹងករណីខាងលើ មិនមានបណ្ណបើកបរត្រឹមត្រូវនោះទេ។

អាស្រ័យហេតុនេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមស្នើឱ្យម្ចាស់គណនីហ្វេសប៊ុកខាងលើ ធ្វើការកែតម្រូវ និងលុបខ្លឹមសារដែលបានបង្ហោះ ដើម្បីជៀសវាងការយល់ច្រឡំក្នុងសាធារណមតិ។ ក្នុងករណីមិនអនុវត្តតាម សមត្ថកិច្ចជំនាញនឹងពិនិត្យ និងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមអំពាវនាវដល់សាធារណជនមេត្តាទទួលជ្រាប និងចូលរួមផ្សព្វផ្សាយព័ត៌មានដោយមានការទទួលខុសត្រូវ ដើម្បីជៀសវាងការយល់ច្រឡំ និងប៉ះពាល់ដល់ការអនុវត្តច្បាប់៕